ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធគយសកលថ្មីដល់១៥ភាគរយ (Video inside)

22-02-2026 09:34

(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធគយសកលលើទំនិញ ដែលនាំចូលសហរដ្ឋអាមេរិក ដល់១៥ភាគរយ ក្រោយសន្យាថានឹងនៅតែបន្តសង្រ្គាមពន្ធពាណិជ្ជកម្ម បន្ទាប់ពីតុលាការកំពូលអាមេរិក បានចេញសេចក្តីសម្រេចចាត់ទុកចំណាត់ការពន្ធគយ ដែលរូបលោកបានដាក់ចេញកន្លងមក ជារឿងខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា ក្រោយការត្រួតពិនិត្យហ្មត់ចត់លើការសម្រេចចិត្ត ដែលលោក​ចាត់ទុកថាមានលក្ខណៈប្រឆាំងអាមេរិក កាលពីថ្ងៃសុក្រដោយតុលាការកំពូល រដ្ឋបាលរបស់លោកនឹងដំឡើងពន្ធនាំចូលដល់អត្រា​១៥ភាគរយ។

ដំបូងឡើយ ភ្លាមៗបន្ទាប់ពីតុលាការកំពូលអាមេរិក បានសម្រេចក្នុងសំឡេង៦ទល់នឹង៣ ច្រានចោលសិទ្ធិអំណាចរបស់ប្រធានាធិបតី ក្នុងការដំឡើងពន្ធគយ​នៅក្រោមច្បាប់ហៅថា IEEPA លោក ត្រាំ បានប្រកាសពន្ធគយសកលថ្មី ក្នុងអត្រា១០ភាគរយ តាមរយៈការប្រើប្រាស់មធ្យោបាយផ្លូវច្បាប់មួយផ្សេងទៀត។

គួរបញ្ជាក់ថា ពន្ធគយថ្មីខាងលើនេះ យោងតាមច្បាប់គឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យត្រឹម១៥០ថ្ងៃ។ បើតាម​សេតវិមាន ការលើកលែងគឺនៅមានដដែល សម្រាប់វិស័យនានា ដែលស្ថិតក្រោមការស៉ើបអង្កេតដាច់ដោយឡែក រួមមានដូចជាវិស័យឱសថ និង​ទំនិញដែលនាំចូលអាមេរិក ក្រោមកិច្ចព្រមព្រៀងត្រីភាគីអាមេរិក-ម៉ិកស៉ិក-កាណាដា ជាដើម។ កាលពីថ្ងៃសុក្រ សេតវិមានបាននិយាយថា បណ្តាដៃគូពាណិជ្ជកម្មរបស់អាមេរិក ដែលបានឈានដល់កិច្ចព្រមព្រៀងពន្ធទ្វេភាគីជាមួយរដ្ឋបាលលោក ត្រាំ ក៏នឹងត្រូវ​ប្រឈមជាមួយ ពន្ធសកលថ្មីនេះផងដែរ៕