ក្រុមប្រទេសអារ៉ាប់និងមូស្លីម ថ្កោលទោសសម្តីឯកអគ្គរដ្ឋទូតអាមេរិក ដែលថាអ៉ីស្រាអែលមានសិទ្ធិលើទឹកដីភាគច្រើននៅមជ្ឈិមបូព៌ា (Video inside)
22-02-2026 11:01
(ហ៊្សេរុយសាឡិម)៖ នាថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ បណ្តាប្រទេសអារ៉ាប់និងមូស្លីម បានរួមគ្នាថ្កោលទោសការអត្ថាធិប្បាយ ធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៉ីស្រាអែល លោក Mike Huckabee ដែលបាននិយាយថា បើតាមគម្ពីរសាសនា គឺអ៉ីស្រាអែលមានសិទ្ធិលើទឹកដីភាគច្រើននៃតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងកិច្ចសម្ភាសមួយចេញផ្សាយ កាលពីសុក្រសប្តាហ៍នេះ លោក Huckabee ត្រូវបានសាកសួរអំពីខ្លឹមសារនៃគម្ពីរសាសនា ដែលពេលខ្លះត្រូវបានបកស្រាយថា អ៉ីស្រាអែលមានសិទ្ធិលើទឹកដីដ៏ធំល្វឹងល្វើយ ស្ថិតនៅចន្លោះទន្លេនីលក្នុងប្រទេសអេហ្ស៉ីប និងទន្លេ Euphrates ក្នុងប្រទេសស៉ីរីនិងអ៉ីរ៉ាក់។ លោក Huckabee បានឆ្លើយតបយ៉ាងដូច្នេះថា «វានឹងមិនអីឡើយ បើពួកគេ (អ៉ីស្រាអែល) កាន់កាប់យកទឹកដីនោះទាំងអស់»។ យ៉ាងណាមិញ នៅពេលជជីកសួរបន្ថែម លោកឯកអគ្គរដ្ឋទូតអាមេរិក បានគូសបញ្ជាក់ថា អ៉ីស្រាអែលមិនទាមទារចង់បានទឹកដីធំសម្បើមនេះទេ។
ក្រោយការលើកឡើងដូចខាងលើ បណ្តារដ្ឋាភិបាលនៃប្រទេសអារ៉ាប់និងមូស្លីម រួមជាមួយអង្គការធំៗប្រចាំតំបន់ បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសការអត្ថាធិប្បាយនោះថា មានលក្ខណៈគ្រោះថ្នាក់ និងដុតបញ្ឆេះភាពតានតឹង។ សេចក្តីថ្លែងការណ៍រួម ត្រូវបានចុះហត្ថលេខាដោយអេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប ហ៊្សកដានី ឥណ្ឌូណេស៉ី ប៉ាគីស្ថាន តួកគីយ៉េ អារ៉ាប៊ីសាអូឌីត កាតា គុយវ៉ែត អូម៉ង់ បារ៉ែន លីបង់ ស៉ីរី ប៉ាឡេស្ទីន រួមជាមួយអង្គការកិច្ចសហប្រតិបត្តិការអ៉ីស្លាម សម្ព័ន្ធអារ៉ាប់ និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមនោះ បានរិះគន់ថា សម្តីឯកអគ្គរដ្ឋទូតអាមេរិក ផ្ទុយពីរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយសង្រ្គាមហ្កាហ្សា ក៏ដូចជាដើម្បីជំរុញឱកាសស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ។ រដ្ឋអារ៉ាប់មួយចំនួន ក៏បានធ្វើការថ្កោលទោសជាឯកតោភាគីផងដែរ។ តួយ៉ាង អារ៉ាប៊ីសាអូឌីត បានចាត់ទុកសម្តីលោក Huckabee ថាខ្វះការទទួលខុសត្រូវ និងធ្វេសប្រហែល ហើយជាការវាយប្រហារមកលើអធិបតេយ្យនៃបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ខណៈអូម៉ង់បាននិយាយថា វាគំរាមកំហែងចំពោះសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់៕







