ប៉ាគីស្ថានវាយប្រហារតាមផ្លូវអាកាសនៅអាហ្វហ្កានីស្ថាន ក្រោយរងការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់ (Video inside)
22-02-2026 12:29
(អ៉ីស្លាម៉ាបាដ)៖ នាថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ប៉ាគីស្ថានបានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាស ដោយកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ នៅប្រទេសអាហ្វហ្កានីស្ថាន ខណៈរដ្ឋាភិបាលទីក្រុងកាប៊ុល បានរាយការណ៍ថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់និងរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីក្រុងអ៉ីស្លាម៉ាបាដ បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងចំនួន៧ នៅតាមបណ្តោយព្រំដែន ដោយកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ មានមូលដ្ឋាននៅអាហ្វហ្កានីស្ថាន បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកអត្តឃាត បានកើតមានជាបន្តបន្ទាប់ នៅប្រទេសប៉ាគីស្ថាន។
ដោយឡែក រដ្ឋាភិបាលតាលីបង់ បានឱ្យដឹងថា ការទម្លាក់គ្រាប់បែករបស់ប៉ាគីស្ថាន ត្រូវបានធ្វើឡើងនៅខេត្ត Nangarhar និង Paktika ហើយបណ្តាលឱ្យមនុស្សសរុបរាប់សិបនាក់ បាត់បង់ជីវិតនិងរងរបួស ក្នុងនោះរួមមានទាំងស្រ្តីនិងកុមារ។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានបង្ហោះសារលើបណ្តាញសង្គម X ថា «ពួកមេទ័ពប៉ាគីស្ថាន ព្យាយាមប៉ះប៉ូវភាពទន់ខ្សោយផ្នែកសន្តិសុខនៃប្រទេសរបស់ខ្លួន តាមរយៈឧក្រិដ្ឋកម្មបែបនេះ»។ ប្រភពពីក្នុងជួរកងកម្លាំងសន្តិសុខរបស់អាហ្វហ្កនីស្ថាន បានបង្ហើបឱ្យដឹងថា មនុស្សយ៉ាងហោច ១៧នាក់បានស្លាប់។
នាថ្ងៃអាទិត្យនេះ ប៉ាគីស្ថានបានលើកឡើងថា ទោះបីមានការទទូចម្តងហើយម្តងទៀត ពីទីក្រុងអ៉ីស្លាម៉ាបាដក៏ដោយ អាជ្ញាធរតាលីបង់ នៅតែបរាជ័យក្នុងការធ្វើសកម្មភាព ប្រឆាំងក្រុមសកម្មប្រយុទ្ធទាំងឡាយ ដែលប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថាន ដើម្បីវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។ ប៉ាគីស្ថានបាននិយាយថា ប្រតិបត្តិការរបស់ខ្លួន គឺជាការឆ្លើយតបចំពោះករណីបំផ្ទុះគ្រាប់បែក នៅព្រះវិហារក្នុងរដ្ឋធានីអ៉ីស្លាម៉ាបាដ កាលពី២សប្តាហ៍មុន និងករណីថ្មីៗចុងក្រោយនេះនៅភាគនិរតីប្រទេស ក្នុងនោះរួមមានមួយករណី ដែលទើបកើតឡើងកាលពីថ្ងៃសៅរ៍។
គួរបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរ បានជាប់ផុងក្នុងជម្លោះដែលកាន់តែខ្លាំងទៅៗ ចាប់តាំងពីក្រុមតាលីបង់ បានត្រឡប់មកាន់អំណាចជាថ្មី នៅអាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០២១។ ទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះយ៉ាងគំហុក កាលពីខែតុលា ឆ្នាំមុន នៅពេលផ្ទុះការប៉ះទង្គិចគ្នានៅព្រំដែន ដែលបានផ្តាច់ជីវិតមនុស្សច្រើន៧០នាក់ និងបង្កឱ្យរបួសរាប់រយនាក់ផ្សេងទៀត។ អំពើហិង្សានោះបានបញ្ចប់ទៅវិញ ក្រោយមានបទឈប់បាញ់ ដែលសម្របសម្រួលដោយប្រទេសកាតានិងតួកគីយ៉េ ប៉ុន្តែកិច្ចចរចាជុំក្រោយៗទៀតនៅទីក្រុងដូហានិងអ៉ីស្តង់ប៊ុល នៅតែមិនទាន់អាចសម្រេចបាន កិច្ចព្រមព្រៀងរឹងមាំមួយ៕







