ប្រធានាធិបតីបារាំង៖ ការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកស្តីពីពន្ធរបស់លោក ត្រាំ​ បង្ហាញថា វាជារឿងល្អដែលមានតុល្យភាពអំណាច នៅក្នុងប្រទេសប្រជាធិបតេយ្យ (Video inside)

22-02-2026 14:19

(ប៉ារីស)៖ នាថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការសម្រេចចិត្តរបស់​តុលាការកំពូលអាមេរិក ស្តីពីចំណាត់ការពន្ធគយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បង្ហាញឱ្យឃើញថា វាគឺជារឿងដែលប្រសើរមួយ ក្នុងការមានតុល្យភាពអំណាចនិងនីតិរដ្ឋ នៅប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

«វាជារឿងល្អមួយដែលមានតុលាការកំពូល ហើយនិងនីតិរដ្ឋ» លោកប្រធានាធិបតីបារាំង បានលើកឡើងយ៉ាងដូច្នេះ ឆ្លើយតបទៅនឹងសំណួរ​ពាក់ព័ន្ធសេចក្តីសម្រេចកាលពីថ្ងៃសុក្រ ដោយតុលាការកំពូលសហរដ្ឋអាមេរិក ដែលថាពន្ធគយកន្លងមក ដែលលោក ដូណាល់ ត្រាំ បានដាក់ចេញនៅក្រោមច្បាប់គ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រាអាសន្ន គឺជាទង្វើខុសច្បាប់ ហើយត្រូវតែលុបចោល។ លោក Macron បាននិយាយថា «វាជារឿងប្រសើរមួយក្នុងការមានតុល្យភាពអំណាច នៅក្នុងប្រទេសប្រជាធិបតេយ្យ»

ជាចុងក្រោយ លោក Macron បានបន្ថែមថា ប្រទេសបារាំង នឹងពិចារណាលើផលវិបាកនៃការប្រកាសពន្ធគយសកលថ្មី ១០ភាគរយរបស់លោក ត្រាំ ហើយបត់បែនតាមនោះ ខណៈបារាំងចង់បន្តនាំចេញផលិតផលរបស់ខ្លួន រួមមានដូចជាទំនិញកសិកម្ម ទំនិញប្រណីត សម្លៀកបំពាក់ និងសម្ភារយន្តហោះ។

គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីតុលាការកំពូលអាមេរិក បានសម្រេចច្រានចោលសិទ្ធិអំណាចរបស់ប្រធានាធិបតី ក្នុងការដំឡើងពន្ធពាណិជ្ជកម្ម ​នៅក្រោមច្បាប់ហៅថា IEEPA លោក ត្រាំ បានប្រកាសពន្ធគយសកលថ្មី ក្នុងអត្រា១០ភាគរយ តាមរយៈការប្រើប្រាស់មធ្យោបាយផ្លូវច្បាប់មួយផ្សេងទៀត។ ក្រោយមកទៀត លោកបានប្រកាសដំឡើងវាដល់១៥ភាគរយ។ ពន្ធគយថ្មីនេះ យោងតាមច្បាប់គឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យត្រឹម១៥០ថ្ងៃ៕