នាវាចម្បាំងអូស្រ្តាលី បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោមការឃ្លាំមើលពីយោធាចិន (Video inside)
22-02-2026 15:13
(កង់បេរ៉ា)៖ នាវាចម្បាំង១គ្រឿងរបស់អូស្រ្តាលី ក្នុងសប្តាហ៍នេះបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា កងកម្លាំងយោធាជើងទឹកចិន បានតាមឃ្លាំមើលនាវានោះយ៉ាងដិតដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រភពពីប្រទេសអូស្រ្តាលីបានឱ្យដឹងថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្រ្តាលីឈ្មោះ Toowoomba បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមក្របខណ្ឌនៃបេសកកម្មដាក់ពង្រាយវត្តមាន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ហើយការធ្វើប្រាស្រ័យទាក់ទងនានា ជាមួយនាវានិងយន្តបរទេស គឺបានប្រព្រឹត្តទៅដោយសុវត្ថិភាព និងវិជ្ជាជីវៈត្រឹមត្រូវ។
ប្រព័ន្ធផ្សព្វផ្សាយចិន Global Times កាលពីយប់ថ្ងៃសៅរ៍ បានរាយការណ៍ថា កងទ័ពចិនបានធ្វើការតាមឃ្លាំមើលជាប់ លើសកម្មភាពរបស់នាវាចម្បាំងអូស្រ្តាលី១គ្រឿងនោះ អំឡុងពេលបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ នាវាចម្បាំងអាមេរិក តែងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះជារឿយៗ ហើយសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជាបារាំង អូស្រ្តាលី ចក្រភពអង់គ្លេស និងកាណាដា ក៏បានធ្វើដូចគ្នាម្តងម្កាលផងដែរ។
គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួន ដូច្នេះហើយច្រកសមុទ្រតៃវ៉ាន់ ដែលស្ថិតនៅចន្លោះភាគីទាំងពីរ ក៏ត្រូវបានចាត់ទុកជាដែនទឹកអធិបតេយ្យរបស់ប្រទេសចិនដែរ។ ហេតុនេះ ទីក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មមិនពេញចិត្តជានិច្ច នៅពេលដែលនាវាយោធាបរទេស បើកឆ្លងកាត់ទីនោះដោយគ្មានការអនុញ្ញាត៕







