ព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ

22-02-2026 16:20

(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន" និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិននៅតាមផ្លូវថ្មើរជើងបណ្តោយមាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ថ្លែងតាមរយៈវីដេអូពីចម្ងាយ លោក An Xiaoyu (អាន ស៊ាវយូ) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានស្វាគមន៍ ការចូលរួមសហការពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន និងវិស័យវប្បធម៌នៃប្រទេសទាំងពីរ។ ក្នុងរយៈពេល ១០ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំងភាពយន្តល្អៗជាង ៣០០ លើក និងមានអ្នកទស្សនាសរុបជាង ១០ ម៉ឺននាក់។

ឯកឧត្តម ហាប់ ទូចរដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការរំលឹកជោគជ័យ នៃការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិននាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជន និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជា យល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិន តាមរយៈសាច់រឿងរបស់ភាពយន្ត។ តាមរយៈព្រឹត្តិការណ៍ នេះបានជំរុញឱ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ ទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថាព្រឹត្តិការណ៍នេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ តាមរយៈការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពលេចធ្លោ និងទាក់ទាញខ្លាំងលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះដែរ បានផ្ដល់នូវការកម្សាន្ត និងចំណេះដឹងតាមរយៈសិល្បៈភាពយន្តដល់សាធារណជន ជាពិសេសរឹតចំណងកិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ ទេសចរណ៍ និងសិល្បៈភាពយន្តរវាងកម្ពុជា និងមិត្តចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានចាក់បញ្ចាំង វីដេអូស្តីអំពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី , វីដេអូផ្សព្វផ្សាយទេសចរណ៍កម្ពុជា, MV «បំភ្លឺពន្លឺភ្នែកផ្កាយ», ភាពយន្តចិន មានចំណងជើងថា សួស្ដី ម៉ាក់ និងភាពយន្តខ្មែរ មានចំណងជើងថា មរណៈមាតា ដោយមានទាំងការចូលរួមទស្សនាពីគណៈអធិបតីទាំងមូល និងប្រជាពលរដ្ឋ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ៕

វិទ្យុមិត្តភាពកម្ពុជាចិន