រដ្ឋមន្ត្រីដាណឺម៉ាក៖ ហ្គ្រីនឡែនមិនត្រូវការ «នាវាពេទ្យ» របស់អាមេរិកដូចការអះអាងរបស់លោក ត្រាំ ទេ
22-02-2026 19:00
(កូប៉ិនហាក)៖ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក ត្រូលស៍ លុន ផលសិន (Troels Lund Poulsen) បានប្រកាសនៅថ្ងៃអាទិត្យនេះថា កោះហ្គ្រីនឡែនមិនត្រូវការជំនួយវេជ្ជសាស្ត្រពីប្រទេសដទៃទេ ដោយច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាលោកកំពុងបញ្ជូននាវាពេទ្យទៅកាន់ដែនដីនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ផលសិន បានប្រាប់ទូរទស្សន៍ដាណឺម៉ាកថា «ប្រជាជនហ្គ្រីនឡែនទទួលបានការថែទាំសុខភាពដែលពួកគេត្រូវការ ទាំងនៅហ្គ្រីនឡែន ឬនៅដាណឺម៉ាក...ដូច្នេះមិនចាំបាច់មានគំនិតផ្តួចផ្តើមសុខភាពពិសេសណាមួយទេ»។
ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានបង្ហោះសារថា «យើងនឹងបញ្ជូននាវាពេទ្យដ៏អស្ចារ្យមួយទៅហ្គ្រីនឡែន ដើម្បីថែទាំមនុស្សជាច្រើនដែលឈឺ និងមិនត្រូវបានមើលថែនៅទីនោះ...វាកំពុងធ្វើដំណើរទៅហើយ»។
គួរបញ្ជាក់ថា អ្វីដែលគួរឱ្យហួសចិត្ត កាលពីថ្ងៃសៅរ៍ ទីបញ្ជាការអាក់ទិករបស់ដាណឺម៉ាកទើបតែបានជួយសង្គ្រោះសមាជិកនាវាមុជទឹកអាមេរិកម្នាក់នៅក្បែរឆ្នេរ Nuuk បន្ទាប់ពីទាហាននោះបានស្នើសុំជំនួយវេជ្ជសាស្ត្រជាបន្ទាន់៕




