សម្តេចប៉ាប លីអូ៖ សន្តិភាពនៅអ៊ុយក្រែន «មិនអាចពន្យារពេលបានទេ»

22-02-2026 20:22

(វ៉ាទីកង់)៖ សម្តេចប៉ាប លីអូ បានអំពាវនាវយ៉ាងទទូចនៅថ្ងៃអាទិត្យនេះ ឱ្យមានការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាបន្ទាន់ ដោយមានបន្ទូលថា សន្តិភាពសម្រាប់ជម្លោះដ៏យូរអង្វែងនេះ «មិនអាចពន្យារពេលបានទៀតទេ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍ទៅកាន់អ្នកធម្មយាត្រានៅទីលាន St. Peter's Square បន្ទាប់ពីការអធិស្ឋានថ្ងៃអាទិត្យ សម្តេចប៉ាបបានមានបន្ទូលថា «សន្តិភាពមិនអាចពន្យារពេលបានទេ។ វាជាតម្រូវការចាំបាច់បន្ទាន់...សង្គ្រាមគឺជាមុខរបួសដែលបង្កឡើងលើគ្រួសារមនុស្សជាតិទាំងមូល ដែលបន្សល់ទុកនូវសេចក្តីស្លាប់ ការបំផ្លិចបំផ្លាញ និងស្លាកស្នាមនៃការឈឺចាប់ជាច្រើនជំនាន់»

ការអំពាវនាវនេះធ្វើឡើងខណៈដែលរុស្ស៊ីបានបន្តបើកការវាយប្រហារតាមផ្លូវអាកាសថ្មីៗដោយប្រើប្រាស់ដ្រូន និងមីស៊ីលផ្លោងកាលពីយប់មិញ។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិកកំពុងជួបភាពជាប់គាំង ដោយសាររុស្ស៊ីទាមទារឱ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ដុនបាស ដែលទីក្រុងកៀវបានបដិសេធ៕