ហុងគ្រី ព្រមានរារាំងទណ្ឌកម្មថ្មីរបស់អឺរ៉ុបលើរុស្ស៊ី រហូតទាល់តែអ៊ុយក្រែនបើកផ្លូវប្រេងវិញ
22-02-2026 21:22
(ប៊ូដាប៉ែស)៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Peter Szijjarto) បានប្រកាសនៅថ្ងៃអាទិត្យនេះថា ប្រទេសហុងគ្រីនឹងរារាំងកញ្ចប់ទណ្ឌកម្មទី២០ របស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ី។ នេះគឺជាវិធានការចុងក្រោយដើម្បីដាក់សម្ពាធឱ្យអ៊ុយក្រែនបើកដំណើរការបំពង់បង្ហូរប្រេងរុស្ស៊ីឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការដឹកជញ្ជូនប្រេងរុស្ស៊ីទៅកាន់ហុងគ្រី និងស្លូវ៉ាគី តាមរយៈបំពង់ Druzhba ត្រូវបានកាត់ផ្តាច់តាំងពីថ្ងៃទី២៧ ខែមករា ដោយទីក្រុងកៀវអះអាងថាដ្រូនរុស្ស៊ីបានវាយប្រហារបំផ្លាញឧបករណ៍។ ទោះជាយ៉ាងណា ហុងគ្រី និងស្លូវ៉ាគី បានចោទប្រកាន់អ៊ុយក្រែនថាជាអ្នកទទួលខុសត្រូវចំពោះការដាច់ប្រេងដ៏យូរនេះ។
លោក ស៊ីចាតូ បានសរសេរនៅលើបណ្តាញសង្គម X ថា «នៅកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសថ្ងៃស្អែក...ហុងគ្រីនឹងរារាំងវា។ ដរាបណាអ៊ុយក្រែនមិនទាន់បើកការដឹកជញ្ជូនប្រេងឡើងវិញ យើងនឹងមិនអនុញ្ញាតឱ្យការសម្រេចចិត្តសំខាន់ៗសម្រាប់ទីក្រុងកៀវ ដំណើរការទៅមុខឡើយ»។
គួរបញ្ជាក់ថា ជម្លោះនេះកាន់តែរីកធំឡើង ដោយហុងគ្រីក៏បានគំរាមរារាំងកម្ចី EU ចំនួន ៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន និងគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីផងដែរ។ ក្រសួងការបរទេសអ៊ុយក្រែនបានថ្កោលទោសទង្វើនេះថាជា «ការដាក់ឱសានវាទ និងការជំរិត»៕






