ភ្នាក់ងារសម្ងាត់បាញ់សម្លាប់បុរសម្នាក់ដែលបំពានចូលភូមិគ្រឹះ Mar-a-Lago របស់ប្រធានាធិបតី ដូណាល់ ត្រាំ

22-02-2026 22:12

(ផ្លរីដា)៖ បុរសម្នាក់ដែលមានអាយុខ្ទង់ ២០ឆ្នាំ ត្រូវបានភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក (Secret Service) បាញ់សម្លាប់នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ បន្ទាប់ពីបានបំពានចូលទៅក្នុងបរិវេណសន្តិសុខនៃភូមិគ្រឹះ Mar-a-Lago របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយ​របស់សារព័ត៌មាន TMZ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

ភ្នាក់ងារសម្ងាត់បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១:៣០នាទីរំលងអធ្រាត្រ នៅជិតច្រកទ្វារខាងជើងនៃវិមានក្នុងទីក្រុង Palm Beach​ រដ្ឋផ្លរីដា។

មន្ត្រីបានឱ្យដឹងថា បុរសនោះត្រូវបានគេសង្កេតឃើញនៅក្បែរវិមានដោយកាន់អាវុធដែលមើលទៅដូចជាកាំភ្លើងបាញ់គ្រាប់ធំ (shotgun) និងកំប៉ុងសាំងមួយ។ ភ្នាក់ងារសម្ងាត់ រួមជាមួយមន្ត្រីរងម្នាក់ពីការិយាល័យស៊ើបអង្កេតខេត្ត Palm Beach បានចូលទៅប្រឈមមុខជាមួយរូបគេ ហើយការបាញ់ប្រហារបានផ្ទុះឡើងក្នុងអំឡុងពេលនោះ៕