តំណាងពាណិជ្ជកម្មអាមេរិក៖ មិនទាន់មានប្រទេសណាចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងពន្ធគយ ទោះតុលាការកំពូលសម្រេចលុបចោលវា (Video inside)
22-02-2026 22:44
(វ៉ាស៊ីនតោន)៖ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក ជេមីសុន ហ្គ្រៀ (Jamieson Greer) បានប្រកាសនៅថ្ងៃអាទិត្យនេះថា មិនទាន់មានប្រទេសណាមួយបង្ហាញបំណងចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកនោះទេ បន្ទាប់ពីតុលាការកំពូលបានសម្រេចលុបចោលគម្រោងពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្គ្រៀ បានប្រាប់ទូរទស្សន៍ CBS ថា លោកបានពិភាក្សាជាមួយសមភាគីសហភាពអឺរ៉ុប និងមន្ត្រីប្រទេសផ្សេងទៀត ហើយមិនទាន់មាននរណានិយាយថា «កិច្ចព្រមព្រៀងត្រូវបានលុបចោល» ឡើយ ពោលគឺពួកគេកំពុងរង់ចាំមើលស្ថានការណ៍ជាក់ស្តែង។
គួរបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងសាលដីកាតុលាការកំពូលអាមេរិក លោក ត្រាំ បានដាក់ពន្ធបណ្តោះអាសន្ន ១០% កាលពីថ្ងៃសុក្រ និងដំឡើងដល់ ១៥% នៅថ្ងៃសៅរ៍ ដោយប្រើប្រាស់ច្បាប់ផ្សេង។ លោក ហ្គ្រៀ បញ្ជាក់ថា រដ្ឋបាលនឹងប្រើប្រាស់ឧបករណ៍ច្បាប់ផ្សេងទៀត ដូចជាផ្នែក ៣០១ និងផ្នែក ២៣២ ដើម្បីបន្តគោលនយោបាយពាណិជ្ជកម្ម៕




