លោក គីម ជុងអ៊ុន ជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សពលករជាថ្មីម្ដងទៀត នៅមហាសន្និបាតបក្ស (Video inside)

23-02-2026 09:04

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណបក្សពលករជាថ្មីម្ដងទៀត នៅឯមហាសន្និបាតបក្សដ៏កម្រមួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង​ KCNA បានឱ្យដឹងទៀតថាការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ដែលជាថ្ងៃទី៤ នៃមហាសន្និបាតបក្សពលករ ស្របទៅតាមឆន្ទៈមិនរង្គោះរង្គើរ និងក្ដីប្រាថ្នាជាឯកច្ឆន្ទរបស់ប្រតិភូទាំងអស់។ សេចក្ដីរាយការណ៍ដដែលថែមទាំងបានគូសបញ្ជាក់ផងដែរថានៅក្រោម ភាពជាមេដឹកនាំរបស់លោក គីម ជុងអ៊ុន សមត្ថភាពកំញើញទប់ស្កាត់សង្រ្គាមរបស់កូរ៉េខាងជើងជាមួយកងកម្លាំងនុយក្លេអ៊ែរត្រូវបានធ្វើឱ្យប្រសើរឡើង។

គួរបញ្ជាក់ថា អស់រាប់ទសវត្សរ៍មកហើយ អាវុធនុយក្លេអ៊ែរ និងអំណាចយោធាបានក្លាយជាកម្មវត្ថុចម្បងគេមុនអ្វីៗទាំងអស់របស់រដ្ឋាភិបាលកូរ៉េខាងជើង។ ប៉ុន្តែ ចាប់តាំងពីឡើងកាន់អំណាច ក្នុងឆ្នាំ២០១១មក លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ផងដែរពីការស្ដារជីវភាពប្រជាជន និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង៕