នាយករដ្ឋមន្រ្តីឥណ្ឌា នឹងបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ក្នុងសប្តាហ៍នេះ (Video inside)
23-02-2026 11:06
(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi គ្រោងបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល នាថ្ងៃពុធសប្តាហ៍នេះ ដោយលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានប្រកាសចាត់ទុកថា ទស្សនកិច្ចនេះនឹងជួយដល់ការបង្កើតសម្ព័ន្ធភាពថ្មីមួយ ដើម្បីទប់ទល់ជាមួយសត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦។
ក្នុងពិធីបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ លោក Netanyahu បានឱ្យដឹងថា «លោក Modi នឹងត្រូវថ្លែងសុន្ទរកថាមួយទៅកាន់សភាអ៉ីស្រាអែល»។ ដោយនិយាយពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការទូត និងសេដ្ឋកិច្ច លោក Netanyahu ថា «ចំណងមិត្តភាពឥណ្ឌា-អ៉ីស្រាអែល គឺកាន់តែស្អិតរមួត»។
តាមលោក Netanyahu នឹងមានការបង្កើតក្រុមសម្ព័ន្ធមិត្តមួយ នៅជុំវិញ ឬក្នុងមជ្ឈិមបូព៌ា ក្នុងគោលបំណងប្រមូលផ្តុំប្រទេសដែលមានចិត្តគំនិតដូចគ្នា ប្រឈមមុខជាមួយគ្នា និងប្រយុទ្ធប្រឆាំងសត្រូវ។ នៅលើបណ្តាញសង្គម X លោក Modi បានបង្ហោះសារមួយថា លោកក៏កំពុងទន្ទឹងរង់ចាំពិភាក្សា ជាមួយអ៉ីស្រាអែលផងដែរ។
គួរបញ្ជាក់ថា លោក Modi ធ្លាប់ធ្វើទស្សនកិច្ចនៅអ៉ីស្រាអែល ក្នុងនាមជានាយករដ្ឋមន្រ្តី កាលពីឆ្នាំ ២០១៧ ក្រោយមកលោក Netanyahu បានធ្វើទស្សនកិច្ចនៅឥណ្ឌា នាឆ្នាំ ២០១៨៕





