យោធាម៉ិកស៉ិក បើកប្រតិបត្តិការសម្លាប់មេខ្លោងឧក្រិដ្ឋជនគ្រឿងញៀនធំមួយ បណ្តាលឱ្យមានការបង្កហិង្សាសងសឹក (Video inside)

23-02-2026 13:39

(ម៉ិកស៉ិក)៖ មេខ្លោងគ្រឿងញៀនដ៏មានឥទ្ធិពលម្នាក់ ឈ្មោះ Nemesio Oseguera ឬហៅថា El Mencho ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការរបស់យោធាម៉ិកស៉ិក កាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ហើយបណ្តាលឱ្យមានការបង្កហិង្សាសងសឹក ពីសំណាក់​សមាជិកក្រុមឧក្រិដ្ឋជនគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក Oseguera អាយុ៦០ឆ្នាំ គឺជាមេកើយនៃបណ្តាញឧក្រិដ្ឋជនហៅថា Jalisco New Generation Cartel ឬ CJNG បានបាត់បង់ជីវិត ក្រោយរងរបួសក្នុងប្រតិបត្តិការយោធា ដែលធ្វើឡើងដោយកងកម្លាំងពិសេសម៉ិកស៉ិក ក្នុងក្រុង Tapalpa នៅបណ្តោយឆ្នេរប៉ាស៉ីហ្វិករបស់ប្រទេសម៉ិកស៉ិក ក្នុងរដ្ឋ Jalisco។

ក្រោយមានសេចក្តីរាយការណ៍អំពីការស្លាប់របស់ El Mencho សមាជិក CJNG បានធ្វើសកម្មភាពសងសឹកឱ្យមេដឹកនាំរបស់ខ្លួន តាមរយៈការបិទខ្ទប់ផ្លូវធ្វើដំណើរធំៗ ព្រមទាំងការបាញ់ប្រហារ ក៏ដូចជាការដុតបំផ្លាញរថយន្ត និងហាងលក់ដូរ នៅតាមរដ្ឋជាច្រើន។ នៅរីសតឆ្នេរសមុទ្រ Puerto Vallarta ក្នុងរដ្ឋ Jalisco អ្នកទេសចរដែលមានការភ័យខ្លាច បានរៀបរាប់នៅលើបណ្តាញសង្គម អំពីអ្វីដែលកើតឡើងថា ប្រៀបដូចជាតំបន់ផ្ទុះសង្រ្គាម ដោយបង្ហាញវីដេអូនៃផ្សែងខ្មៅហុយឡើងទៅលើមេឃ ចេញពីទីតាំងជាច្រើនកន្លែង នៅក្បែរឆ្នេរ។ ក្រុមហ៊ុនអាកាសចរណ៍ដូចជា Air Canada, United Airlines, Aeromexico និង American Airlines បាននាំគ្នាផ្អាកជើងហោះហើរ ទៅកាន់តំបន់ដែលផ្ទុះអំពើហិង្សា។

ទោះជាបែបនេះក្តី ពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួសឡើយ ក្រៅតែពីសមាជិកក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងកងកម្លាំងសន្តិសុខមួយចំនួន ដែលបានបាត់បង់ជីវិត អំឡុងប្រតិបត្តិការយោធា។ ការចាប់ខ្លួននិងសម្លាប់​ឧក្រិដ្ឋជនគ្រឿងញៀនកាលពីពេលមុនៗ ក៏ធ្លាប់នាំឱ្យមានការផ្ទុះអំពើហិង្សារាលដាលផងដែរ ដោយក្នុងទម្រង់ជាសមាជិក សងសឹកការស្លាប់នៃមេដឹកនាំពួកគេ ឬមួយក៏ក្រុមដែលជាគូប្រជែង ឆ្លៀតឱកាសប្រយុទ្ធដណ្តើមគ្នាកាន់កាប់ទឹកដី។ ហេតុផលនេះ បានធ្វើឱ្យអាជ្ញាធរម៉ិកស៉ិកហាក់ស្ទាក់ស្ទើរ មុនពេលបើកប្រតិបត្តិការធំៗ។

ក៏ប៉ុន្តែចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី ម៉ិកស៉ិកបានស្ថិតក្រោមសម្ពាធរបស់​ទីក្រុងវ៉ាស៉ីនតោន ដើម្បីបង្កើនយុទ្ធនាការបង្រ្កាបប្រឆាំងក្រុមគ្រឿងញៀន ក្រោមការចោទប្រកាន់ថា ពួកទាំងនោះជាអ្នកនៅពីក្រោយ​ការផលិតនិងរត់ពន្ធគ្រឿងញៀន ជាពិសេសថ្នាំញៀនដ៏ប្រល័យ fentanyl ចូលទៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ Reuters ក្រុមការងារពិសេសមួយដឹកនាំដោយយោធាអាមេរិក បានចូលរួម​ចំណែកក្នុងការដឹកនាំប្រតិបត្តិការខាងលើ ដែលត្រូវបានអនុវត្តដោយកងកម្លាំងរបស់ម៉ិកស៉ិកផ្ទាល់។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានទទួលស្គាល់ថា សហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រផ្នែកចារកម្ម ហើយបានបន្ថែមថា រដ្ឋបាលលោក ត្រាំ កោតសរសើរនិងអរគុណយោធាម៉ិកស៉ិក សម្រាប់កិច្ចសហប្រតិបត្តិការ និងការអនុវត្តប្រតិបត្តិការដោយជោគជ័យ៕