ម៉ាឡេស៉ីចាប់ផ្តើមនីតិវិធីនៅសភា ដើម្បីចេញច្បាប់កំណត់រយៈពេលកាន់អំណាចរបស់នាយករដ្ឋមន្រ្តី ត្រឹម២អាណត្តិ (Video inside)
23-02-2026 14:48
(គូឡាឡាំពួ)៖ នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ប្រទេសម៉ាឡេស៉ីបានចាប់ផ្តើមដំណើរការនីតិវិធីនៅសភា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅកំណត់រយៈពេលកាន់អំណាចអតិបរមា របស់នាយករដ្ឋមន្រ្តីត្រឹម២អាណត្តិ ឬស្មើនឹង១០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សព្វថ្ងៃប្រទេសអាស៊ានមួយនេះ ពុំមានកំណត់ចំនួនអាណត្តិដែលនាយករដ្ឋមន្រ្តី អាចកាន់អំណាចនោះឡើយ។ អតីតមេដឹកនាំ លោក Mahathir Mohamad បានបម្រើតួនាទីនេះ សរុបរយៈពេល២៤ឆ្នាំ អំឡុងពេលកាន់អំណាច២លើក គឺកាលពីចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ និងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។
នាយករដ្ឋមន្រ្តីបច្ចុប្បន្ន លោក Anwar Ibrahim កាលពីខែមករា បានប្រកាសពីការជំរុញកិច្ចប្រឹងប្រែងកំណត់អាណត្តិនេះ ចំពេលមានការអំពាវនាវឱ្យរូបលោក ដោះស្រាយបញ្ហាពុករលួយនិងពង្រឹងអភិបាលកិច្ច។ ក្រុមចម្រុះ Pakatan Harapan របស់លោក Anwar ធ្លាប់សន្យាបង្កើតច្បាប់កំណត់អាណត្តិនាយករដ្ឋមន្រ្តី តាំងពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នាំ២០២២ មកម្ល៉េះ។
ប៉ុន្មានឆ្នាំមកនេះ មានការរិះគន់អំពីសន្ទុះយឺតយ៉ាវក្នុងកិច្ចប្រឹងប្រែងកំណែទម្រង់ ខណៈការបោះជំហានខាងលើ ត្រូវបានមើលឃើញថា អាចជាការប៉ុនប៉ងមួយដើម្បីទាក់ទាញសន្លឹកឆ្នោត មុនការបោះឆ្នោតសកលដែលគ្រោងធ្វើឡើង នៅឆ្នាំក្រោយ។ កាលពីសប្តាហ៍មុន លោក Anwar បានលើកឡើងថា ប្រសិនបើច្បាប់នោះត្រូវបានអនុវត្ត គឺវានឹងអនុវត្តចំពោះរូបលោកមុនគេ។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា រយៈពេល១០ឆ្នាំ គឺគ្រប់គ្រាន់ហើយសម្រាប់មេដឹកនាំបំពេញភារកិច្ចរបស់ខ្លួន ដោយមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ផែនការខាងលើដែលនឹងត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តបាន ទាមទារការគាំទ្រក្នុងសំឡេង២ភាគ៣ នៃសមាជិករដ្ឋសភាម៉ាឡេស៉ី ឬស្មើនឹង១៤៨អាសនៈ ក្នុងចំណោម២២២នាក់។ បច្ចុប្បន្ន ក្នុងរដ្ឋធម្មនុញ្ញម៉ាឡេស៉ី ពុំមានការកំណត់រយៈពេលកាន់តំណែងរបស់នាយករដ្ឋមន្រ្តីឡើយ ឱ្យតែបុគ្គលនោះ គ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា៕






