កូរ៉េខាងត្បូង ស្នើឱ្យស្ថានទូតរុស្ស៉ីប្រចាំទីក្រុងសេអ៊ូល ទម្លាក់បដាដែលសរសេរពីជ័យជម្នះ មុនខួប ៤ឆ្នាំនៃសង្រ្គាមនៅអ៊ុយក្រែន (Video inside)
23-02-2026 16:02
(សេអ៊ូល)៖ កូរ៉េខាងត្បូង បានស្នើស្ថានទូតរុស្ស៉ីនៅក្នុងទីក្រុងសេអ៊ូល ឱ្យទម្លាក់បដាមួយផ្ទាំងធំដែលសរសេរថា «ជ័យជម្នះនឹងក្លាយជារបស់យើង» នៅមុនថ្ងៃគម្រប់ ៤ឆ្នាំនៃសង្គ្រាមឈ្លានពានលើអ៊ុយក្រែន ចូលមកដល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦។
តាមសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហាញក្តីបារម្ភទៅកាន់ស្ថានទូតរុស្ស៉ី ប៉ុន្តែមិនបានបញ្ជាក់ថាតើខ្លួនបានទទួលការឆ្លើយតប ឬយ៉ាងណា។ បដាប្រវែងប្រហែល ១៥ម៉ែត្រ ដែលមានពណ៌ដូចទង់ជាតិរុស្ស៉ី និងសរសេរជាភាសារុស្ស៉ី ត្រូវបានព្យួរលើជញ្ជាំងខាងក្រៅស្ថានទូតរបស់ខ្លួន នៅកណ្តាលទីក្រុងសេអ៊ូល។ មកទល់នឹងថ្ងៃចន្ទនេះ បដានោះនៅតែមានដដែល។
ស្ថានទូតរុស្ស៉ីប្រចាំនៅទីក្រុងសេអ៊ូល មិនអាចទាក់ទងសុំការអត្ថាធិប្បាយតាមទូរស័ព្ទបានទេ។ សារជាសំឡេងស្វ័យប្រវត្តិមួយបញ្ជាក់ថា ស្ថានទូតកំពុងបិទទ្វារ ដោយសារតែថ្ងៃឈប់សម្រាកបុណ្យជាតិ នៅថ្ងៃចន្ទ។
គួរបញ្ជាក់ថា រុស្ស៉ី បានបញ្ជូនកងទ័ពចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ វានឹងមានរយៈពេល ៤ឆ្នាំពេញ ខណៈដែលពន្លឺនៃការបិទបញ្ចប់ហាក់ស្រពិចស្រពិល បើទោះបីជាមានដំណើរការស្វែងរកសន្តិភាពក៏ដោយ៕





