ព្យុះព្រិលរដូវរងា បង្ខំឱ្យសាលារៀនបិទទ្វារ និងរំខានដល់ការធ្វើដំណើរ ទូទាំងភាគឦសានសហរដ្ឋអាមេរិក (Video inside)

23-02-2026 16:28

(ញូវយ៉ក)៖ នៅថ្ងៃចន្ទនេះ កុមារទូទាំងភាគឦសានសហរដ្ឋអាមេរិក ត្រូវស្នាក់នៅក្នុងផ្ទះ ខណៈដែលតំបន់ កំពុងរងនូវព្យុះរដូវរងាដ៏ខ្លាំងក្លាមួយ ដោយក្រុមមន្ត្រីព្រមានអំពីព្រិលធ្លាក់ និងខ្យល់បោកបក់ខ្លាំង ជាមួយស្ថានភាពធ្វើដំណើរគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

ការធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត រាប់ចាប់ពីទីក្រុងវ៉ាស៉ីនតោន ទៅដល់តំបន់ New England ត្រូវជាប់គាំង។ សេវាប្រៃសណីយ៍បានឱ្យដឹងថា អាកាសធាតុរដូវរងានៅភាគឦសាន ក៏អាចធ្វើឱ្យដំណើរការដឹកជញ្ជូន និងសេវាចែកចាយសំបុត្រ និងកញ្ចប់ឥវ៉ាន់មានការយឺតយ៉ាវផងដែរ។

ទីក្រុងញូវយ៉ក ដែលមានសាលារៀនច្រើនជាងគេបំផុតរបស់សហរដ្ឋអាមេរិក បានណែនាំឱ្យផ្អាកការបង្រៀនទាំងតាមអនឡាញ និងលុបចោលកម្មវិធីក្រោយម៉ោងសិក្សាទាំងអស់។ អភិបាលក្រុង លោក Zohran Mamdani បានប្រកាសអាសន្ន និងបញ្ជាមិនឱ្យមានការធ្វើដំណើរលើដងផ្លូវ ចាប់ពីយប់ថ្ងៃអាទិត្យដល់វេលាថ្ងៃត្រង់ថ្ងៃចន្ទ។ នៅឯរដ្ឋ Massachusetts, Connecticut, New Jersey និង New England ក៏មានការប្រកាសអាសន្ន និងណែនាំឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះផងដែរ។ អាជ្ញាធរ​ដឹកជញ្ជូន​សាធារណៈ បានប្រកាស​ផ្អាក​សេវាកម្ម​ទាំងអស់ លុះត្រា​តែ​ស្ថានភាពអាកាសធាតុ​ប្រសើរ​ឡើងវិញ។

គេហទំព័រតាមដានជើងហោះហើរ FlightAware បានបង្ហាញថា ជើងហោះហើរជាង ៥ ០០០ ត្រូវបានលុបចោល សម្រាប់ថ្ងៃចន្ទ។ តាមក្រុមហ៊ុនវិភាគអាកាសចរណ៍ Cirium នៅថ្ងៃដដែល មានជើងហោះហើរជាង ២៥ ០០០ គ្រោងចាកចេញពីសហរដ្ឋអាមេរិក។ ការលុបចោលការធ្វើដំណើរសម្រាប់ថ្ងៃអង្គារកំពុងកើនឡើង ជាពិសេសអាកាសយានដ្ឋានធំៗនៅភាគឦសាន៕