ការតវ៉ាដោយនិស្សិតអ៉ីរ៉ង់ ឈានចូលដល់ថ្ងៃទីពីរ នៅតាមសាកលវិទ្យាល័យមួយចំនួន (Video inside)
23-02-2026 16:59
(តេហេរ៉ង់)៖ យោងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការបង្ហោះលើបណ្តាញសង្គម ការតវ៉ារបស់និស្សិតអ៉ីរ៉ង់ ដែលនាំទៅដល់ការប៉ះទង្គិចគ្នា នៅតាមសាកលវិទ្យាល័យមួយចំនួន បានឈានចូលដល់ថ្ងៃទីពីរហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦។
ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានចាក់ផ្សាយវីដេអូ ជាមួយការអត្ថាធិប្បាយថា មានបុគ្គលខ្លះបន្លំខ្លួនជានិស្សិត ហើយធ្វើសកម្មភាពវាយលើនិស្សិតដែលគាំទ្ររដ្ឋាភិបាល នៅទីក្រុងតេហេរ៉ង់ ដែលកំពុងចូលរួមការតវ៉ា ដើម្បីថ្កោលទោសបាតុកម្មដ៏ប្រល័យកាលពីខែមករា។ បុគ្គលទាំងនោះបានធ្វើឱ្យនិស្សិត រងរបួសដោយការគប់ដុំថ្ម។
តាមវីដេអូដែលផ្សព្វផ្សាយដោយក្រុមសិទ្ធិមនុស្ស HRANA មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ការតវ៉ាក៏បានកើតឡើងនៅតាមសាកលវិទ្យាល័យនានា ក្នុងទីក្រុង Mashhad ភាគឦសានផងដែរ។ HRANA បាននិយាយថា អន្តរាគមន៍របស់កងកម្លាំងសន្តិសុខ នៅក្នុងការតវ៉ានាំឱ្យមានអ្នករងរបួស។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ វីដេអូមួយដែលត្រូវបានផ្ទៀងផ្ទាត់ បង្ហាញឱ្យឃើញជួរអ្នកដើរក្បួន នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Sharif ក្នុងទីក្រុងតេហេរ៉ង់ ដោយថ្កោលទោសមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ថាជាមេដឹកនាំឃាតករ និងអំពាវនាវឱ្យកូនប្រុសរបស់អតីតស្តេច Shah អ៊ីរ៉ង់ លោក Reza Pahlavi ក្លាយជាព្រះមហាក្សត្រជាថ្មី។
សេចក្តីរាយការណ៍នេះ មានចំពេលដែលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងដំណើរការកិច្ចចរចានុយក្លេអ៊ែរ។ នៅក្នុងបាតុកម្មកន្លងមក ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកអាចធ្វើអន្តរាគមន៍ ប្រសិនបើអាជ្ញាធរអ៉ីរ៉ង់សម្លាប់បាតុករ៕









