ភ្ញៀវទេសចរចិនក្នុងកំឡុងឈប់សម្រាកចូលឆ្នាំចិន រួមចំណែកជំរុញសេដ្ឋកិច្ចសាកល
23-02-2026 17:55
(ប៉េកាំង)៖ ពិធីបុណ្យចូលឆ្នាំចិន ជាពេលវេលាឈប់សម្រាកសំខាន់បំផុតមួយនៅក្នុងប្រតិទិនចិន ។ រយៈពេលឈប់សម្រាកនេះ មិនត្រឹមតែជាឱកាសសម្រាប់ការជួបជុំគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពេលវេលាដ៏មានប្រជាប្រិយភាព សម្រាប់ការធ្វើដំណើរទេសចរណ៍ផងដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ភ្ញៀវទេសចរចិនបានក្លាយជាកម្លាំងដ៏ធំមួយ ក្នុងឧស្សាហកម្មទេសចរណ៍សាកល ដោយផ្តល់ផលប្រយោជន៍យ៉ាងច្បាស់លាស់ដល់សេដ្ឋកិច្ច របស់ប្រទេសជាច្រើននៅទូទាំងពិភពលោក។
មុនពេលផ្ទុះជំងឺកូវីដ-១៩ ចិនគឺជាប្រភពភ្ញៀវទេសចរចេញក្រៅប្រទេសធំបំផុតនៅលើពិភពលោក។ នៅឆ្នាំ២០១៩ ភ្ញៀវទេសចរចិនបានធ្វើដំណើរចេញក្រៅប្រទេសប្រមាណ ១៥៥លាននាក់ ដោយចំណាយសរុបជាង២៥៥ពាន់លានដុល្លារអាមេរិក។ ក្នុងអំឡុងពេលឈប់សម្រាកចូលឆ្នាំចិនតែឯងក្នុងឆ្នាំ២០១៩ មានភ្ញៀវចិនជាង៧លាននាក់បានធ្វើដំណើរចេញក្រៅប្រទេស។ រយៈពេលពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការធ្វើដំណើរទេសចរណ៍ចេញក្រៅប្រទេសរបស់ភ្ញៀវចិន បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារគោលនយោបាយរឹតបន្តឹងរបស់រដ្ឋាភិបាលចិន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ។ នៅឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរចិនចេញក្រៅប្រទេសបានធ្លាក់ចុះប្រមាណ៨៧% ធៀបនឹងឆ្នាំ២០១៩ ហើយបានងើបឡើងវិញក្រោយជំងឺកូវីដ នៅឆ្នាំ២០២៣។ នៅក្នុងកំឡុងឈប់សម្រាកចូលឆ្នាំចិនឆ្នាំ២០២៣ មានភ្ញៀវចិនប្រមាណ២.៦លាននាក់បានធ្វើដំណើរ ចេញក្រៅប្រទេស ដែលស្មើនឹងប្រមាណ៣៥%ភ្ញៀវចិន ឆ្នាំ២០១៩ ហើយការចំណាយសរុបត្រូវបានប៉ាន់ស្មានប្រមាណ ៣.៥ពាន់លានដុល្លារ ។
នៅក្នុងឆ្នាំ២០២៤ បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងកំឡុងឈប់សម្រាកចូលឆ្នាំចិនឆ្នាំ២០២៤ មានភ្ញៀវចិនប្រមាណ៤.៥លាននាក់ធ្វើដំណើរចេញក្រៅប្រទេស (ប្រមាណ៦០-៦៥% នៃកម្រិតឆ្នាំ២០១៩) ដោយចំណាយសរុបប្រមាណ៦.៨ពាន់លានដុល្លារ។ ការធ្វើដំណើរទេសចរណ៍របស់ភ្ញៀវចិន ក្នុងកំឡុងឈប់សម្រាក ចូលឆ្នាំចិនឆ្នាំ២០២៥ (ខែមករា-កុម្ភៈ២០២៥) បានកើនឡើងដល់៧៥-៨០% នៃកម្រិតឆ្នាំ២០១៩ ជាមួយនឹងចំនួនភ្ញៀវប្រមាណ៥.៥លាននាក់ និងការចំណាយប្រមាណ១០ពាន់លានដុល្លារ។ សម្រាប់ឆ្នាំ២០២៦ ការងើបឡើងវិញរំពឹងថានឹងបន្តកើនឡើង ដោយអាចឈានដល់៨៥-៩០% នៃកម្រិតមុនជំងឺកូវីដ។
ប្រទេសនៅអាស៊ីអាគ្នេយ៍នៅតែជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរចិន ជាពិសេស ប្រទេសកម្ពុជា សិង្ហបុរី មាឡេស៊ី វៀតណាម និងថៃ ទទួលបានចំនួនភ្ញៀវចិនច្រើនបំផុត។ ទោះបីជាការធ្វើដំណើរទៅអឺរ៉ុបមានតម្លៃថ្លៃជាងក៏ដោយ ក៏ប្រទេសដូចជាបារាំង អ៊ីតាលី និងអេស្ប៉ាញ នៅតែទាក់ទាញភ្ញៀវចិនដែលមានចំណូលខ្ពស់។ បន្ថែមលើនេះទៀត តំបន់ប៉ាស៊ីហ្វិកខាងត្បូងក៏ទទួលបានផលប្រយោជន៍ផងដែរ ជាពិសេសអូស្រ្តាលីដែលបានទទួលភ្ញៀវចិនយ៉ាងច្រើន។
ការធ្វើដំណើរដោយភ្ញៀវទេសចរចិន មានការចំណាយខ្ពស់ជាងមធ្យមភាគនៃការចំណាយរបស់ភ្ញៀវមកពីប្រភពផ្សេង ជាពិសេសលើការប្រើប្រាស់ផលិតផលប្រណីត ការទស្សនា និងកន្លែងស្នាក់នៅ។ ការចំណាយនេះ បានរួមចំណែកដល់សាកលលោក ក្នុងការបង្កើតការងារតាមបណ្តាប្រទេសគោលដៅទេសចរណ៍នានាលើសាកលលោក ដែលគេមើលឃើញថា ឧស្សាហកម្មទេសចរណ៍ ដែលពឹងផ្អែកលើភ្ញៀវចិន ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនមគ្គុទេសក៍ទេសចរណ៍ បានបង្កើតការងាររាប់លាននាក់នៅទូទាំងពិភពលោក។
ជាមួយគ្នានេះ ភ្ញៀវចិន បានរួមចំណែកលើកទឹកចិត្តឱ្យប្រទេសជាច្រើនបានវិនិយោគលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ រួមទាំងការបង្កើនយន្តហោះ ជើងហោះហើរ ការកែលម្អប្រព័ន្ធទូទាត់តាមអេឡិចត្រូនិច និងការបណ្តុះបណ្តាលបុគ្គលិក ឱ្យនិយាយភាសាចិន។ មិនតែប៉ុណ្ណោះកំណើនភ្ញៀវទេសចរចិន បានធ្វើឱ្យទីផ្សារថ្មីៗ កំពុងលេចចេញមក ដូចជា ទេសចរណ៍រយៈពេលវែង និងទេសចរណ៍បណ្តុះវប្បធម៌។ ក្រុមភ្ញៀវទេសចរវ័យក្មេង នឹងបង្កើនការធ្វើដំណើរតាមបែបឯករាជ្យ ដោយមិនពឹងពាក់លើក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ព្រមទាំងជំរុញដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការតភ្ជាប់ភ្ញៀវនិងអ្នកផ្តល់សេវាផងដែរ។
សរុមមក ភ្ញៀវទេសចរចិនក្នុងកំឡុងឈប់សម្រាកចូលឆ្នាំចិន នៅតែជាកម្លាំងសំខាន់មួយក្នុងឧស្សាហកម្មទេសចរណ៍សាកល។ ទោះបីជាការងើបឡើងវិញក្រោយជំងឺកូវីដមានភាពយឺតយ៉ាវបន្តិចក៏ដោយ ក៏ទិន្នន័យបង្ហាញនូវទិសដៅវិជ្ជមាន ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ការវិលត្រឡប់មកវិញនៃភ្ញៀវចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដល់ប្រទេសគោលដៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការយល់ដឹងវប្បធម៌ និងកសាងទំនាក់ទំនងអន្តរជាតិផងដែរ។ ប្រទេសនានាដែលអាចរៀបចំខ្លួនបំពេញតម្រូវការនិងចំណង់ចំណូលចិត្តថ្មីៗរបស់ភ្ញៀវចិន នឹងទទួលបាននូវផលប្រយោជន៍អតិបរមា ពីទីផ្សារដ៏សំខាន់នេះបន្តទៅមុខទៀត។
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា





