ទីភ្នាក់ងារគយអាមេរិក នឹងបញ្ឈប់ការប្រមូលពន្ធគយដែលតុលាការចាត់ទុកថាខុសច្បាប់ ចាប់ពីថ្ងៃអង្គារ (Video inside)

23-02-2026 19:05

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បានប្រកាសថា ខ្លួននឹងបញ្ឈប់ការប្រមូលពន្ធគយដែលដាក់ចេញក្រោមច្បាប់ IEEPA នៅវេលាម៉ោង ១២:០១រំលងអធ្រាត្រថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចំណាត់ការនេះធ្វើឡើងជាងបីថ្ងៃ បន្ទាប់ពីតុលាការកំពូលអាមេរិកបានប្រកាសថាពន្ធគយទាំងនោះគឺខុសច្បាប់។ CBP បានបញ្ជាក់ក្នុងសារទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនថា ខ្លួននឹងបិទដំណើរការរាល់កូដពន្ធដែលពាក់ព័ន្ធនឹងបទបញ្ជារបស់លោក ត្រាំ ក្រោមច្បាប់ IEEPA។

ការបញ្ឈប់នេះកើតឡើងស្របពេលដែលលោក ត្រាំ បានដាក់ចេញពន្ធសកលថ្មីក្នុងអត្រា ១៥% ក្រោមសិទ្ធិអំណាចច្បាប់ផ្សេង ដើម្បីជំនួសពន្ធដែលតុលាការបានលុបចោល។

CBP មិនបានផ្តល់ហេតុផលថាហេតុអ្វីបានជាខ្លួនបន្តប្រមូលពន្ធប៉ុន្មានថ្ងៃក្រោយសាលដីកាតុលាការនោះទេ ហើយក៏មិនទាន់ផ្តល់ព័ត៌មានអំពីការសងប្រាក់វិញដល់អ្នកនាំចូលនៅឡើយដែរ។ ទោះជាយ៉ាងណា ពន្ធគយផ្សេងទៀតដូចជាពន្ធក្រោមផ្នែក ២៣២ (សន្តិសុខជាតិ) និងផ្នែក ៣០១ (ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌) នៅតែអនុវត្តដដែល៕