ប៉ូលិសអង់គ្លេស ចាប់ខ្លួនអតីតឯកអគ្គរាជទូត លោក Mandelson ក្នុងការស៊ើបអង្កេតពីទំនាក់ទំនងជាមួយឧក្រិដ្ឋជនផ្លូវភេទ Epstein (Video inside)

24-02-2026 10:35

(ឡុងដ៍)៖ អតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក លោក Peter Mandelson ត្រូវបានប៉ូលិសក្នុងទីក្រុងឡុងដ៍ចាប់ខ្លួនកាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសង្ស័យថា បានប្រព្រឹត្តកំហុសអំឡុងកាន់តំណែង បន្ទាប់ពីទំនាក់ទំនងរបស់លោកជាមួយឧក្រិដ្ឋជនផ្លូវភេទ Jeffrey Epstein ត្រូវបានលាតត្រដាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Mandelson មានអាយុ ៧២ឆ្នាំ ត្រូវបានបណ្ដេញចេញពីតំណែងជាឯកអគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោន កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រោយទំនាក់ទំនងរបស់លោកជាមួយ Jeffrey Epstein ត្រូវបានលាតត្រដាងកាន់តែច្បាស់។ ប៉ូលិសអង់គ្លេសកាលពីដើមខែមករានេះ បានចាប់ផ្ដើមបើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយលើលោក Mandelson ក្រោយរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Keir Starmer បានទម្លាយឱ្យដឹងពីទំនាក់ទំនងរវាងអតីតឯកអគ្គរាជទូតរូបនេះជាមួយឧក្រិដ្ឋជនផ្លូវភេទ Epstein។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ប៉ូលិសអង់គ្លេសបានឱ្យដឹងថា «ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់អាយុ៧២ឆ្នាំ ក្រោមបទសង្ស័យថាបានប្រព្រឹត្តកំហុសអំឡុងពេលនៅកាន់តំណែង»។ ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ប៉ូលិសក៏បានបញ្ជាក់ដែរថាបុរសរូបនោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំ និងរង់ចាំការស៊ើបអង្កេតបន្ថែម។

គួរបញ្ជាក់ថា ការចាប់ខ្លួនលោក Mandelson ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតព្រះអង្គម្ចាស់អង់គ្លេស Andrew Mountbatten-Windsor ត្រូវបានចាប់ខ្លួន ក្នុងករណីដាច់ដោយឡែកមួយទៀត ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយឧក្រិដ្ឋជនផ្លូវភេទ Epstein។ ព្រះអង្គ Andrew ត្រូវបានដោះលែងវិញ ក្រោយការឃុំខ្លួន១១ម៉ោង ខណៈការស៊ើបអង្កេត កំពុងបន្តធ្វើឡើង៕