សិង្ហបុរី នឹងចាត់វិធានការចំពោះពលរដ្ឋរបស់ខ្លួន ដែលចូលរួមការប្រយុទ្ធនៅបរទេស (Video inside)

24-02-2026 11:16

(សិង្ហបុរី)៖ រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលការងារសន្តិសុខជាតិនៃប្រទេសសិង្ហបុរី លោក K Shanmugam កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថានឹងមានការចាត់វិធានការលើជនជាតិសិង្ហបុរីរូបណា ដែលទៅប្រយុទ្ធនៅបរទេសដើម្បីបុព្វហេតុបរទេស ខណៈដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសុខដុមជាតិសាសន៍ និងសាសនាក្នុងការរក្សាសន្តិភាពសិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោក Shanmugam ដែលជារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងផងនោះ បានថ្លែងក្នុងសម័យប្រជុំក្រុមសាសនាមួយ យ៉ាងដូច្នេះថា «យើងបានជួបគ្នា ក្នុងពេលដែលមានភាពតានតឹងខ្លាំងនៅជុំវិញពិភពលោក និងផ្នែកខ្លះនៃតំបន់ ទាំងនយោបាយ ក៏ដូចជាសេដ្ឋកិច្ច ដែលបានបង្កជាអំពើហិង្សា សង្រ្គាមរវាងប្រទេស និងប្រទេស»

តាមលោក Shanmugam សិង្ហបុរីបានពង្រីកការផ្តល់ជំនួយមនុស្សធម៌ទៅក្រៅប្រទេស តាមដែលអាចធ្វើបាន តែព្រមពេលជាមួយគ្នា ច្បាប់មិនអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួន ចូលរួមក្នុងអំពើហិង្សានៅបរទេសឡើយ មិនថាក្នុងបុព្វហេតុ ឬនៅខាងភាគីណាឡើយ ហើយវិធានការមួយនឹងត្រូវធ្វើឡើងចំពោះអ្នកដែលបានប្រព្រឹត្ត។

គួរបញ្ជាក់ថា ក្រសួងកិច្ចការផ្ទៃក្នុងសិង្ហបុរី នៅថ្ងៃទី១៩ ខែកុម្ភៈ ទទួលបានសេចក្តីរាយការណ៍បរទេស ថាមានជនជាតិសិង្ហបុរីពីរនាក់ក្នុងចំណោមអ្នកប្រយុទ្ធ ជួយដល់កងទ័ពអ៉ីស្រាអែល (IDF) អំឡុងពេលមានជម្លោះហ្កាហ្សា។ ប៉ុន្តែគ្មានភស្តុតាងជាក់លាក់បង្ហាញថា ជនជាតិសិង្ហបុរីកំពុងប្រយុទ្ធជាផ្នែកមួយនៃ IDF នោះទេ៕