ពន្ធគយសកលថ្មី១០ភាគរយរបស់លោក ត្រាំ ចាប់ផ្តើមចូលជាធរមាន (Video inside)
24-02-2026 13:17
(វ៉ាស៉ីនតោន)៖ ចំណាត់ការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមចូលជាធរមាននាថ្ងៃអង្គារនេះ ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្យាយាមកសាងគោលនយោបាយពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីតុលាការកំពូលអាមេរិក បានចេញសេចក្តីសម្រេចប្រឆាំងការដំឡើងពន្ធគយជាសកលកន្លងមករបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ពន្ធគយថ្មីខាងលើ ដែលជាដំបូងមានអត្រា ១០ភាគរយ នឹងត្រូវអនុវត្តរយៈពេល១៥០ថ្ងៃ លុះត្រាតែត្រូវបានពន្យារពេលបន្ថែមទៀត ដោយសភាអាមេរិក។ ទីភ្នាក់ងារគយអាមេរិក បានប្រកាសថា ខ្លួននឹងឈប់ប្រមូលពន្ធ ដែលត្រូវបានច្រានចោលដោយតុលាការកំពូល ចាប់ពីថ្ងៃអង្គារនេះ ប៉ុន្តែនឹងចាប់ផ្តើមប្រមូលពន្ធថ្មី១០ភាគរយ ក្នុងថ្ងៃដដែល។
កាលពីថ្ងៃចន្ទ លោក ត្រាំ ក៏បានគំរាមផងដែរថា នឹងដំឡើងពន្ធកាន់តែខ្ពស់លើប្រទេសទាំងឡាយណា ដែលជ្រើសរើសលេងហ្គេម ក្រោយការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ក្នុងសារព្រមានមួយទៅកាន់បណ្តាប្រទេសនានា ដែលកន្លងមកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន ក្រោមការគំរាមកំហែងពន្ធ។
គួរបញ្ជាក់ថា រយៈពេលប្រមាណជា១ឆ្នាំមកនេះ លោក ត្រាំ បានដំឡើងពន្ធក្នុងអត្រាផ្សេងៗគ្នា ទៅលើដៃគូពាណិជ្ជកម្មរបស់អាមេរិក ដើម្បីដាក់សម្ពាធទាំងលើសម្ព័ន្ធមិត្តនិងគូប្រជែង។ រូបលោកបានប្រើប្រាស់ពន្ធនោះ ដើម្បីចរចារឿងពាណិជ្ជកម្មជាមួយប្រទេសនានា។ កាលពីថ្ងៃអាទិត្យ ប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា កិច្ចព្រមព្រៀងពន្ធ ដែលសម្រេចបានកន្លងមកជាមួយប្រទេសដទៃគឺនៅដដែល ទោះមានសេចក្តីសម្រេចរបស់តុលាការកំពូលក៏ដោយ ហើយលោករំពឹងថា ដៃគូនឹងបន្តគោរពកិច្ចព្រមព្រៀងទាំងនោះ៕






