លោក ដូណាល់ ត្រាំ ព្រមានប្រទេសនានា ដែលចង់ឆ្លៀតឱកាសលេងហ្គេមជុំវិញបញ្ហាពន្ធ (Video inside)

24-02-2026 13:42

(វ៉ាស៉ីនតោន)៖ នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រទេសនានាថា នឹងប្រឈមការដំឡើងពន្ធធ្ងន់ធ្ងរ ប្រសិនបើពួកគេជ្រើសរើស «លេងហ្គេម» បន្ទាប់ពីគោលនយោបាយពាណិជ្ជកម្មរបស់លោក បានជួបឧបសគ្គដោយសារតុលាការកំពូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ប្រទេសទាំងឡាយណា ដែលមានបំណងចង់លេងហ្គេម ជាមួយការសម្រេចចិត្តដ៏គួរឱ្យអស់សំណើចរបស់តុលាការកំពូល ជាពិសេសប្រទេសដែលបានកេងចំណេញលើសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងខ្លះដល់ទៅរាប់ទសវត្សរ៍ គឺនឹងត្រូវប្រឈមមុខជាមួយពន្ធកាន់តែខ្ពស់ខ្លាំង»

កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការកំពូលអាមេរិក បានច្រានចោលចំណាត់ការពន្ធគយសកលរបស់លោក ត្រាំ ដោយសម្រេចថា រូបលោកមិនមានសិទ្ធិអំណាចគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ច្បាប់គ្រាអាសន្នឆ្នាំ១៩៧៧មួយ ដើម្បីដំឡើងពន្ធលើប្រទេសនានាជុំវិញ​ពិភពលោកទេ។

ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារគយរបស់អាមេរិក បាននិយាយថា ខ្លួននឹងបញ្ឈប់ការប្រមូលពន្ធ ដែលត្រូវបានចាត់ទុកថា ខុសច្បាប់ដោយតុលាការកំពូល ចាប់ពីថ្ងៃអង្គារនេះ ប៉ុន្តែប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer កាលពីចុងសប្តាហ៍កន្លងទៅ បាននិយាយថា រូបលោករំពឹងថា បណ្តាដៃគូពាណិជ្ជកម្ម នឹងបន្តគោរពតាម​កិច្ចព្រមព្រៀងពន្ធ ដែលពួកគេសម្រេចបានកន្លងមក ជាមួយទីក្រុងវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូល លោកប្រធានាធិបតីអាមេរិក បានងាកទៅប្រើច្បាប់មួយផ្សេងទៀត ដើម្បីចេញបញ្ជាដំឡើងពន្ធជាសកលក្នុងអត្រា១០ភាគរយ លើទំនិញមកពីប្រទេសនានា ដែលចូលជាធរមាននាថ្ងៃអង្គារនេះ។ ក្រោយមក លោក ត្រាំ បានប្រកាសដំឡើងវាដល់១៥ភាគរយ។ យោងតាមច្បាប់ដាច់ដោយឡែកនោះ ពន្ធគយសកលថ្មីនេះ គឺមានលក្ខណៈបណ្តោះអាសន្ន ដែលអាចអនុវត្តបានរយៈពេលត្រឹម១៥០ថ្ងៃ ដោយបន្ទាប់ពីនោះ គឺត្រូវសុំការយល់ព្រមពីសភា។ ប៉ុន្តែកាលពីថ្ងៃចន្ទ លោក ត្រាំ បានអះអាងថា ក្នុងនាមជាប្រធានាធិបតី គឺរូបលោកមិនចាំបាច់អ្វីត្រូវត្រឡប់ទៅរកសភា ដើម្បីសុំការអនុញ្ញាតរឿងពន្ធឡើយ៕