ចិនចាត់វិធានការប្រឆាំងក្រុមហ៊ុននិងអង្គភាពរបស់ជប៉ុនសរុបចំនួន៤០ ក្រោមការចោទប្រកាន់ជាប់ពាក់ព័ន្ធយោធា (Video inside)
24-02-2026 14:21
(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ក្រសួងពាណិជ្ជកម្មចិន បានចេញចំណាត់ការប្រឆាំងក្រុមហ៊ុននិងអង្គភាពជប៉ុនសរុបចំនួន៤០ ក្រោមហេតុផលក្តីបារម្ភផ្នែកសន្តិសុខជាតិ ជុំវិញការមានជាប់ពាក់ព័ន្ធជាមួយយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងពាណិជ្ជកម្មចិន បានរឹតត្បិតការនាំចេញលើក្រុមហ៊ុននិងអង្គភាពជប៉ុនចំនួន២០ ក្នុងនោះរួមមានទាំងក្រុមហ៊ុន Mitsubishi និងទីភ្នាក់ងារអវកាសជប៉ុន ដោយចោទថា ពួកគេជួយពង្រឹងសមត្ថភាពយោធារបស់ជប៉ុន។ ក្រៅពីនោះ ក្រសួងបានបញ្ចូលក្រុមហ៊ុននិងអង្គភាពជប៉ុន២០ទៀត ដែលរួមមានទាំងក្រុមហ៊ុន Subaru ទៅក្នុងបញ្ជីឃ្លាំមើលដែលទាមទារការត្រួតពិនិត្យតឹងរ៉ឹងជាងមុន លើការនាំចេញទំនិញប្រើបាន២យ៉ាង។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ចំណាត់ការខាងលើនេះ មានគោលដៅទប់ស្កាត់មហិច្ឆតាយោធានិងនុយក្លេអ៊ែររបស់ជប៉ុន ហើយមានភាពត្រឹមត្រូវ សមហេតុផល និងស្របទៅតាមច្បាប់យ៉ាងពេញលេញ។ ចំណាត់ការរបស់ចិន កំណត់គោលដៅតែលើក្រុមហ៊ុននិងអង្គភាពជប៉ុនមួយចំនួនតូចប៉ុណ្ណោះ និងទាក់ទងទំនិញប្រើបាន២យ៉ាង ហើយមិនប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មទូទៅរវាងប្រទេសចិននិងប្រទេសជប៉ុនទេ។ ក្រុមហ៊ុននិងអង្គភាពជប៉ុនទាំងឡាយ ដែលមានភាពស្មោះត្រង់និងគោរពច្បាប់ត្រឹមត្រូវ ពុំមានអ្វីចាំបាច់ត្រូវព្រួយបារម្ភឡើយ»។
គួរបញ្ជាក់ថា ចិនបានបង្កើនសម្ពាធនិងចេញវិធានការផ្សេងៗប្រឆាំងជប៉ុន ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi កាលពីខែវិច្ឆិកា ឆ្នាំមុន បានលើកឡើងថា ទីក្រុងតូក្យូប្រហែលត្រូវធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនវាយប្រហារលើតៃវ៉ាន់ ដែលជាដែនកោះទីក្រុងប៉េកាំងចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន៕






