ក្រសួងការពារជាតិថៃ ស្នើកាត់បន្ថយចំនួនកងទ័ពដោយសន្សឹមៗនៅតាមបន្ទាត់ព្រំដែនជាប់កម្ពុជា ដើម្បីបន្ថយការចំណាយ (Video inside)

24-02-2026 14:24

(បាងកក)៖ កាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ រដ្ឋមន្រ្តីការពារជាតិថៃ លោក Nattaphon Nakpanich បានឱ្យដឹងថា ក្រសួងរបស់លោក បានស្នើទៅកាន់ក្រុមប្រឹក្សាការពារជាតិ ចង់ឱ្យកាត់បន្ថយដោយសន្សឹមៗ នូវចំនួនកងទ័ពដែលឈរនៅតាមខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងគោលបំណងបន្ធូរបន្ថយការចំណាយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Thai PBS។

លោក Nattaphon បាននិយាយថា សម្រាប់ពេលឥឡូវ និងមួយរយៈពេលខាងមុខ វានៅតែជារឿងសំខាន់ក្នុងការរក្សាវត្តមានយោធា នៅតាមបណ្តោយព្រំប្រទល់ រវាងប្រទេសថៃនិងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ ដែលកងទ័ពថៃដណ្តើមកាន់កាប់បានពីកម្ពុជា អំឡុងការប្រយុទ្ធគ្នាកាលពីខែធ្នូ ចុងឆ្នាំមុន។

ប៉ុន្តែលោក Nattaphon បានទទួលស្គាល់ថា ការរក្សាវត្តមានទ័ពជាប់រហូត នៅតាមខ្សែបន្ទាត់ព្រំដែនប្រហែលជិត៨០០គីឡូម៉ែត្រ គឺជារឿងមិនអាចទៅរួច និងត្រូវចំណាយច្រើនខ្លាំង ដូច្នេះហើយលោកបានស្នើទៅក្រុមប្រឹក្សាការពារជាតិថៃ ចង់ឱ្យកាត់បន្ថយចំនួនទ័ព​ដោយសន្សឹមៗ ហើយទន្ទឹមគ្នានោះ ត្រូវពង្រឹងការដាក់រនាំងព្រំដែន និងសាងសង់ភូមិឱ្យអតីតយុទ្ធជន ដែលនឹងជួយមើលការពារ​តំបន់ព្រំដែន។

លោករដ្ឋមន្រ្តីការពារជាតិថៃ បានបន្តថា នៅតំបន់មានមនុស្សរស់នៅច្រើន ដូចជា Klong Leuk ដែលស្ថិតនៅទល់មុខក្រុងប៉ោយប៉ែតរបស់កម្ពុជា និងនៅតំបន់ថ្មដា ដែលជាប់ខេត្ត Trat ការដាក់រនាំងព្រំដែន គួរតែត្រូវពង្រឹងឱ្យកាន់តែរឹងមាំបន្ថែម ហើយបំពាក់ឧបករណ៍ឃ្លាំមើលអេឡិចត្រូនិក។ រីឯតំបន់ដទៃទៀត នៅជា Chong An Ma (អានសេះ), Chong Bok (មុំបី), និង Phu Makua (ភ្នំទ្រព្យ) អាចអភិវឌ្ឍទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរ៕