ការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ធ្វើឡើងរួមគ្នាជាមួយអាមេរិក (Video inside)
28-02-2026 14:39
(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិកបានឱ្យដឹងថា យោធាអាមេរិកបានចូលរួមជាមួយអ៉ីស្រាអែល ក្នុងការវាយប្រហារប្រឆាំងប្រទេសអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ បន្ទាប់ពីការចរចាបញ្ហានុយក្លេអ៊ែរប៉ុន្មានលើកជាមួយទីក្រុងតេហេរ៉ង់ នៅតែមិនទាន់អាចមានកិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ខាងប្រភពពីមន្រ្តីអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា ការវាយប្រហារដែលត្រូវបានធ្វើឡើងប្រឆាំងអ៉ីរ៉ង់ គឺជាប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៉ីរ៉ង់ បានរាយការណ៍អំពីហេតុការណ៍ផ្ទុះ នៅទីក្រុងដូចជា Isfahan, Karaj, Kermanshah និងរដ្ឋធានីតេហេរ៉ង់។
ការវាយប្រហារនេះកើតមានឡើង ក្រោយពេលអាមេរិកនិងអ៉ីរ៉ង់ ទើបតែបញ្ចប់កិច្ចចរចាជុំចុងក្រោយពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវ ហើយនៅតែមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា នឹងវាយប្រហារលើអ៉ីរ៉ង់ បើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀង។
មន្រ្តីការពារជាតិអ៉ីស្រាអែលម្នាក់ បានអះអាងថា ប្រតិបត្តិការខាងលើត្រូវបានគ្រោងរៀបចំ អស់រយៈពេលច្រើនខែមកហើយ ក្រោមកិច្ចសហការជាមួយទីក្រុងវ៉ាស៉ីនតោន ហើយកាលបរិច្ឆេទបើកការវាយប្រហារ គឺត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំមុន អំឡុងពេលអាមេរិកនិងអ៉ីរ៉ង់ កំពុងចរចាបញ្ហានុយក្លេអ៊ែរ អ៉ីស្រាអែលធ្លាប់បានបើកការវាយប្រហារលើអ៉ីរ៉ង់ ដែលបង្កទៅជា សង្រ្គាមរយៈពេល១២ថ្ងៃជាមួយទីក្រុងតេហេរ៉ង់ ហើយបណ្តាលឱ្យកិច្ចប្រឹងប្រែងចរចានាពេលនោះដួលរលំទៅវិញ។ កាលនោះ អាមេរិកក៏បានចូលរួមទម្លាក់គ្រាប់បែកធុនធ្ងន់ លើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ផងដែរ៕










