ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីការចាប់ផ្តើមប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងអ៉ីរ៉ង់ (Video inside)

28-02-2026 15:18

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខប្រកាសជាផ្លូវការពីការចាប់ផ្តើមប្រតិបត្តិការវាយប្រហារលើប្រទេសអ៉ីរ៉ង់ ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈនេះ។

ក្នុងវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតីអាមេរិក បាននិយាយថា នៅមុននេះបន្តិច យោធាអាមេរិក បានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ នៅប្រទេសអ៉ីរ៉ង់ ក្នុងគោលដៅការពារប្រជាជាតិអាមេរិក តាមរយៈការកម្ចាត់ការគំរាមកំហែងចំពោះមុខ ពីសំណាក់របបដឹកនាំអ៉ីរ៉ង់។

លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «អ៉ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាចខាត។ យើងបានព្យាយាមម្តងហើយម្តងទៀត ដើម្បីស្វែងកិច្ចព្រមព្រៀង។ អ៉ីរ៉ង់បានប៉ុនប៉ងកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ក្រោយវាត្រូវបានកម្ទេចកាលពីឆ្នាំមុន។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់កំពុងព្យាយាមអភិវឌ្ឍមីស៉ីលរយៈចម្ងាយឆ្ងាយ ដែលគំរាមកំហែងសហរដ្ឋអាមេរិក។ ដូច្នេះហើយ យើងនឹងកម្ទេច​មីស៉ីលរបស់ពួកគេ ហើយបំផ្លាញឧស្សាហកម្មមីស៉ីលរបស់ពួកគេ ឱ្យក្លាយទៅជាផេះ។ យើងនឹងធានាឱ្យបានថា អ៉ីរ៉ង់គ្មានថ្ងៃកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត»

គួរបញ្ជាក់ថា នាថ្ងៃសៅរ៍នេះ អាមេរិកនិងអ៉ីស្រាអែល បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន ព្យាយាមចរចាបញ្ហានុយក្លេអ៊ែរជាមួយទីក្រុងតេហរ៉ង់ ប៉ុន្តែនៅតែមិនទាន់អាចស្វែងរកកិច្ចព្រមព្រៀងបាន។ ជាច្រើនសប្តាហ៍មកនេះ លោក ត្រាំ បានដាក់ពង្រាយកងកម្លាំងយោធាយ៉ាងធំសម្បើមទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមាននាវាផ្ទុកយន្តហោះចម្បាំង ២គ្រឿង ហើយលោកបានគំរាមម្តងហើយម្តងទៀតថា នឹងវាយប្រហារលើអ៉ីរ៉ង់ ប្រសិនបើមិនអាចស្វែងរកដំណោះស្រាយតាមរយៈ​ការទូត។ កាលពីពាក់កណ្តាលឆ្នាំមុន អាមេរិកធ្លាប់បានចូលរួមសង្រ្គាមផ្លូវអាកាសរបស់អ៉ីស្រាអែល វាយប្រហារលើទីតាំងនុយក្លេអ៊ែរ​របស់អ៉ីរ៉ង់៕