លោក គីម ជុងអ៊ុន ឱ្យកាដូកាំភ្លើងស៉ីបស៊េរីថ្មីដល់ក្រុមមន្រ្តីកូរ៉េខាងជើង និងបង្ហាញរូបភាពកូនស្រីបាញ់កាំភ្លើង

28-02-2026 17:49

(ព្យុងយ៉ាង)៖ នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានផ្តល់អំណោយជាកាំភ្លើងស៉ីបថ្មីដល់ក្រុមមន្រ្តីបក្សនិងយោធា ដើម្បីបង្ហាញពីការជឿទុកចិត្តរបស់លោក។

លោក គីម បានជួបជុំជាមួយគ្នាក្រុមមន្រ្តីបក្សឈានមុខ និងក្រុមមេបញ្ជាការយោធា នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សពលករកូរ៉េ កាលពីថ្ងៃសុក្រ ហើយបានប្រគល់ឱ្យពួកគេម្នាក់ៗ នូវកាំភ្លើងស៉ីបជំនាន់ថ្មីមួយដើម ដែលអភិវឌ្ឍដោយបណ្ឌិតសភាវិទ្យាសាស្រ្តការពារជាតិ របស់ប្រទេសកូរ៉េខាងជើង។ ការផ្តល់កាដូកាំភ្លើងនេះ ធ្វើឡើងសម្រាប់អបអរឱកាស​មហាសន្និបាតលើកទី៩របស់បក្សកាន់អំណាច ដែលទើបតែបានបិទបញ្ចប់កាលពីប៉ុន្មានថ្ងៃមុន។

ក្នុងចំណោមមន្រ្តីទាំងនោះ រួមមានប្អូនស្រីលោក គីម ផ្ទាល់ គឺអ្នកនាង Kim Yo Jong ដែលទើបតែបានឡើងឋានៈជា​នាយកនៃ​នាយកដ្ឋានកិច្ចការទូទៅរបស់គណៈកម្មាធិការមជ្ឈិមបក្ស ខណៈវាគឺជាតំណែងដ៏ធំមួយ។ រូបភាពចេញផ្សាយដោយ KCNA បានបង្ហាញ​ឱ្យឃើញកូនស្រីលោក គីម ក៏មានវត្តមានផងដែរ អំឡុងពិធីប្រគល់អំណោយនោះ ហើយមានរូបភាពនាងចូលរួមការបាញ់កាំភ្លើងសាកល្បងដោយផ្ទាល់ ថែមទៀតផង។

គួរបញ្ជាក់ថា កូនស្រីវ័យជំទង់របស់លោក គីម ឈ្មោះ Kim Ju Ae តែងបង្ហាញវត្តមានជាប់ជាមួយឪពុក រួមមានទាំងអំឡុងពេល​ចុះពិនិត្យគ្រឿងសព្វាវុធ ដែលញ៉ាំងឱ្យមានការសង្ស័យពីសំណាក់ក្រុមអ្នកវិភាគថា នាងអាចកំពុងត្រូវបានតម្រែតម្រង់ ដើម្បីក្លាយជា​មេដឹកនាំជំនាន់ទី៤របស់ប្រទេសកូរ៉េខាងជើង។ បើតាមការយល់ឃើញរបស់ចារកម្មកូរ៉េខាងត្បូង វត្តមានលេចធ្លោជាសាធារណៈ​របស់ Kim Ju Ae ជាសញ្ញាបង្ហាញថា នាងបានចាប់ផ្តើមផ្តល់យោបល់ពាក់ព័ន្ធគោលនយោបាយ និងត្រូវបានចាត់ទុកជា​មេដឹកនាំធំទី២ បន្ទាប់ពីលោក គីម ជុនអ៊ុន ជាបណ្តើរៗហើយ៕