ក្រោយអាមេរិកវាយប្រហារអ៉ីរ៉ង់ រុស្ស៉ីឌឺដងថាអ្នកតាំងខ្លួនជាបិតាសន្តិភាព បង្ហាញមុខមាត់ពិតជាថ្មីម្តងទៀត រីឯអ៊ុយក្រែនគាំទ្រអាមេរិក និងទម្លាក់កំហុសលើអ៉ីរ៉ង់

28-02-2026 18:09

(មូស្គូ)៖ អតីតប្រធានាធិបតីនៃប្រទេសរុស្ស៉ី លោក Dmitry Medvedev នាថ្ងៃសៅរ៍នេះ បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់ ហើយបានដាក់មន្ទិលសង្ស័យថា តើទីក្រុងវ៉ាស៉ីនតោន បានចូលតុចរចាជាមួយទីក្រុងតេហរ៉ង់ ដើម្បីបញ្ចៀសជម្លោះ ដោយភាពស្មោះត្រង់ចេញពីចិត្ត ឬគ្រាន់ជាការលាក់ពុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក Medvedev ដែលត្រូវគេស្គាល់ច្បាស់ថា ជាមន្រ្តីជំនិតបំផុតមួយរូបរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន និងសព្វថ្ងៃកាន់តួនាទីជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី បានបង្ហោះសារលើបណ្តាញ Telegram ថាអ្នកដែលតាំងខ្លួនឯងជាអ្នកជួយស្វែងរកសន្តិភាពឱ្យពិភពលោក បានបង្ហាញមុខមាត់ពិតរបស់ខ្លួនសាជាថ្មីម្តងទៀតហើយ។ លោក Medvedev បានបន្តថា កិច្ចចរចាទាំងប៉ុន្មានកន្លងមកនេះជាមួយអ៉ីរ៉ង់ គ្រាន់តែជាលេសមួយសម្រាប់អាមេរិកបិទបាំងចេតនាពិតរបស់ខ្លួនប៉ុណ្ណោះ»។

ដោយឡែក អ៊ុយក្រែនបានចេញមុខនិយាយថា ស្ថានការណ៍វិវត្តកើនឡើងនាពេលនេះនៅអ៉ីរ៉ង់ គឺជាកំហុសរបស់រដ្ឋាភិបាលអ៉ីរ៉ង់ ហើយបានបញ្ជាក់ថា ទីក្រុងកៀវឈរជាមួយប្រជាជនអ៉ីរ៉ង់ និងគាំទ្រឱ្យមានការផ្លាស់ប្តូររបបដឹកនាំនៅទីនោះ។ ក្រសួងការបរទេស​របស់អ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដើមចមនៃព្រឹត្តិការណ៍បច្ចុប្បន្ន គឺច្បាស់ណាស់ដោយសារតែ​អំពើហិង្សា និងនិទណ្ឌភាពនៃរបបដឹកនាំអ៉ីរ៉ង់ ជាពិសេសក្នុងការកាប់សម្លាប់និងការជិះជាន់គាបសង្កត់លើក្រុមបាតុករ ដែលកាន់តែធ្ងន់ធ្ងរឡើង​ អំឡុងពេលប៉ុន្មានខែថ្មីៗនេះ»។

គួរបញ្ជាក់ថា អ៊ុយក្រែននិងរុស្ស៉ី បាននិងកំពុងស្ថិតក្នុងសង្រ្គាមជាមួយគ្នា ចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក និងអូសបន្លាយ​មកទល់ពេលនេះ គឺរយៈពេលលើស៤ឆ្នាំហើយ ដោយនៅតែមិនទាន់មានដំណោះស្រាយការទូត ដើម្បីបញ្ចប់វាទៅវិញនៅឡើយទេ៕