ការប្រយុទ្ធគ្នារវាងប៉ាគីស្ថាន និងតាលីបង់អាហ្វហ្កានីស្ថាន ឈានចូលដល់ថ្ងៃទី៣ ខណៈដែលអន្តរជាតិកំពុងអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង

28-02-2026 19:11

(Islamabad, Kabul)៖​ ការប្រយុទ្ធគ្នារវាងយោធាប៉ាគីស្ថាន និងកងកម្លាំងតាលីបង់អាហ្វហ្គានីស្ថានបានឈានចូលដល់ថ្ងៃទី ៣ហើយនាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ខណៈដែលសហគមន៍អន្តរជាតិបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញជម្លោះនេះ ជាមួយការអំពាវនាវឱ្យមានកិច្ចពិភាក្សាជាបន្ទាន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីនិយាយថា ការវាយប្រហាររបស់ប៉ាគីស្ថានកាលពីថ្ងៃសុក្រ ធ្វេីឡេីងទៅលើទីតាំង និងប៉ុស្តិ៍យោធារបស់តាលីបង់ រួមទាំងនៅទីក្រុងកាប៊ុល និងទីក្រុង Kandahar ដែលជាការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីអាហ្វហ្កានីស្ថាន។ ប៉ាគីស្ថានចោទប្រកាន់តាលីបង់ថាបានទំនុកបម្រុងដល់ក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban Pakistan (TTP) ដែលកំពុងបះបោរនៅក្នុងប្រទេសប៉ាគីស្ថាន។ តែក្រុមតាលីបង់បានបដិសេធ។

ការប្រយុទ្ធគ្នាបានបង្កើនហានិភ័យនៃជម្លោះអូសបន្លាយតាមបណ្តោយព្រំដែនប្រវែង ២ ៦០០គីឡូម៉ែត្រ។ តាមប្រភពសន្តិសុខប៉ាគីស្ថាន ប្រតិបត្តិការមួយឈ្មោះ Ghazab Lil Haq កំពុងបន្ត ហើយកងកម្លាំងប៉ាគីស្ថានបានបំផ្លាញប៉ុស្តិ៍ និងជំរំជាច្រើនរបស់តាលីបង់។ ភាគីទាំងសងខាងសុទ្ធតែបានរាយការណ៍ពីការខាតបង់ធ្ងន់ធ្ងរ ជាមួយទំហំនៃប៉ះទង្គិចគ្នាដែល Reuters មិនអាចផ្ទៀងផ្ទាត់បាន។

ប៉ាគីស្ថាននិយាយថា ទាហានរបស់ខ្លួនចំនួន ១២នាក់ និងក្រុមតាលីបង់ ២៧៤នាក់ត្រូវបានសម្លាប់ រីឯតាលីបង់និយាយថា អ្នកប្រយុទ្ធរបស់ខ្លួនចំនួន ១៣នាក់ និងទាហានប៉ាគីស្ថាន ៥៥នាក់ត្រូវបានសម្លាប់។ អ្នកនាំពាក្យរងក្រុមតាលីបង់ លោក Hamdullah Fitrat បាននិយាយថា ជនស៊ីវិល ១៩នាក់ត្រូវបានសម្លាប់ និង ២៦នាក់រងរបួសនៅក្នុងទីក្រុង Khost និងទីក្រុង Paktika។ Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះបានទេ។

កិច្ចខិតខំប្រឹងប្រែងការទូតបានកេីតឡេីងតាំងពីយប់ថ្ងៃសុក្រ ដោយអាហ្វហ្គានីស្ថានបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនគឺលោក Amir Khan Muttaqi បាននិយាយតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់ Faisal bin Farhan របស់អារ៉ាប៊ីសាអូឌីត អំពីការកាត់បន្ធូរបន្ថយភាពតានតឹង និងការរក្សាបណ្តាញការទូតបើកចំហ។

សហភាពអឺរ៉ុបបានអំពាវនាវឱ្យភាគីទាំងសងខាងបន្ធូរបន្ថយភាពតានតឹង និងចូលរួមកិច្ចសន្ទនា ខណៈដែលអង្គការសហប្រជាជាតិជំរុញឱ្យបញ្ចប់អរិភាពជាបន្ទាន់។ រុស្ស៉ីបានជំរុញឱ្យភាគីទាំងពីរបញ្ឈប់ការប៉ះទង្គិចគ្នា ហើយត្រឡប់ទៅរកការចរចាវិញ ខណៈដែលចិនបាននិយាយថា ខ្លួនមានការព្រួយបារម្ភខ្លាំង និងត្រៀមខ្លួនជាស្រេចដើម្បីជួយបន្ធូរបន្ថយភាពតានតឹង។

ដោយឡែក សហរដ្ឋអាមេរិកបានគាំទ្រប៉ាគីស្ថាន ក្នុងការប្រេីសិទ្ធិការការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយតាលីបង់។​ ប៉ាគីស្ថានបានពណ៌នាសកម្មភាពរបស់ខ្លួនថាជាការឆ្លើយតបចំពោះការវាយលុកឆ្លងព្រំដែន ខណៈដែលទីក្រុងកាប៊ុលបានបរិហារពួកគេថាបានការរំលោភលើអធិបតេយ្យរបស់ខ្លួន ដោយនិយាយថានៅតែបើកចំហសម្រាប់ការសន្ទនា ប៉ុន្តែបានព្រមានពីជម្លោះកាន់តែទូលំទូលាយ៕