អ៉ីស្រាអែល បិទសាលារៀន ហាមប្រាមការជួបជុំ ខណៈកំពុងរងការវាយប្រហារសងសឹកពីអ៉ីរ៉ង់
28-02-2026 23:27
(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានហាមប្រាមការជួបជុំជាសាធារណៈ បិទសាលារៀន និងកន្លែងធ្វើការនានា ហេីយបានផ្លាស់ប្តូរអ្នកជំងឺក្នុងមន្ទីរពេទ្យទៅកាន់ទីតាំងក្រោមដី ខណៈដែលទីក្រុងតេហេរ៉ង់បាននិងកំពុងបាញ់មីស៉ីលជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកលើប្រទេសអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។
រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានប្រកាសអាសន្នទូទាំងប្រទេស ដោយព្រមានសាធារណជនអំពីការវាយប្រហារដោយមីស៉ីល និងដ្រូនរបស់អ៉ីរ៉ង់។ ចំណែកយោធាបានបញ្ជាឱ្យសាធារណជន ធ្វើតាមការណែនាំគ្រាអាសន្ន ជាមួយការ ប្រកាសថាទាហានបម្រុងរាប់ម៉ឺននាក់ អាចត្រូវ បានហៅឱ្យចូលជួរ រួមទាំងដេីម្បីទៅការព្រំដែនរបស់ខ្លួន។
ប៉ូលិស បានណែនាំមិនឱ្យមានការធ្វើដំណើរដែលមិនចាំបាច់ដើម្បីសុវត្ថិភាព តែរថយន្តសង្គ្រោះបន្ទាន់អាចធ្វើដំណើរដោយសេរី។ ដោយត្រូវបានការពារដោយប្រព័ន្ធការពារដែនអាកាសដ៏ទំនើប ជនជាតិអ៉ីស្រាអែលមួយចំនួនបានទៅឆ្នេរក្នុងទីក្រុង Tel Aviv មុនពេលការឆ្លើយតបដំបូងរបស់អ៉ីរ៉ង់ ដោយនិយាយថាពួកគេមានអារម្មណ៍សុវត្ថិភាព និងបញ្ចេញសំឡេងគាំទ្រសម្រាប់ប្រតិបត្តិការប្រឆាំងអ៉ីរ៉ង់។
មានរបាយការណ៍តិចតួចប៉ុណ្ណោះអំពីការខូចខាត ឬរបួសពីការស្ទាក់ចាប់មីស៉ីលដំបូងរបស់ អ៉ីរ៉ង់។ ជាទូទៅ ជនជាតិអ៉ីស្រាអែលមានសិទ្ធិចូលទៅជម្រកគេចពីគ្រាប់ ហើយត្រូវបានជូនដំណឹងដោយប្រព័ន្ធប្រកាសអាសន្នទូទាំងប្រទេស។
គួរបញ្ជាក់ថា នៅខែមិថុនា ឆ្នាំមុន អ៉ីស្រាអែលដោយមានជំនួយពីសហរដ្ឋអាមេរិក បានធ្វេីសង្រ្គាមជាមួយអ៉ីរ៉ង់ រយៈពេល ១២ថ្ងៃ ដោយសម្លាប់មនុស្សច្រេីនជាង ៣០នាក់ នៅអ៉ីស្រាអែល និងជាង ៩០០នាក់នៅអ៉ីរ៉ង់៕




