លោក ពូទីន ចូលរួមរំលែកទុក្ខទៅកាន់ប្រធានាធិបតីអ៉ីរ៉ង់ ជុំវិញការធ្វើឃាតលោក Khamenei

01-03-2026 17:36

(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសាររំលែកទុក្ខទៅកាន់ប្រធានាធិបតីអ៉ីរ៉ង់ ជុំវិញការធ្វើឃាតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

តាមវិមានក្រឹមឡាំង លោក ពូទីន ក៏បានចាត់ទុកផងដែរថាការសម្លាប់លោក Khamenei ជាទង្វើបំពានលើក្រមសីលធម៌ និងច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ជាច្រើន នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានទទួលស្គាល់ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍។ ការទទួលស្គាល់របស់ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។

រដ្ឋាភិបាលអ៉ីរ៉ង់បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៤០ថ្ងៃ ដើម្បីបង្ហាញពីទុក្ខក្រៀមក្រំនៃការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Khamenei ខណៈប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថាការសងសឹកឱ្យលោក Khamenei គឺជាសិទ្ធិស្របច្បាប់ និងជាករណីកិច្ច៕