លោក Anwar អំពាវនាវឱ្យមានដំណោះស្រាយការទូតសម្រាប់ជម្លោះអាមេរិក-អ៉ីរ៉ង់ រីឯលោក Prabowo មានបំណងធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់
01-03-2026 17:38
(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានសង្កត់ធ្ងន់ពីសាមគ្គីភាព និងអំពាវនាវឱ្យមានដំណោះស្រាយការទូត បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦។
ព្រមពេលជាមួយគ្នា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានឱ្យដឹងថាលោកមានបំណងធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីដឹកនាំការសម្របសម្រួល។ ក្នុងការបង្ហោះមួយលើ Facebook នៅថ្ងៃអាទិត្យនេះ លោក Anwar បាននិយាយថាម៉ាឡេស៊ីឈរនៅក្នុងសាមគ្គីភាពជាមួយមូស្លីម ទាំងអស់ និងសហគមន៍នានាក្នុងតំបន់មជ្ឈិមបូព៌ាដែលបានរងផលប៉ះពាល់ដោយសារភាពតានតឹងសព្វថ្ងៃ។
ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសឥណ្ឌូណេស៊ីក៏បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់រក្សាការអត់ធ្មត់ និងផ្ដល់អាទិភាពដល់ កិច្ចសន្ទនា និងការទូត។ ក្រសួងបន្ថែមទៀតថាលោក Prabowo បាននិយាយថាលោកផ្ទាល់មានបំណងធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីដឹកនាំការសម្របសម្រួលប្រសិនបើមានការឯកភាពពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់៕




