មនុស្ស៦នាក់បាត់បង់ជីវិត ក្នុងការវាយប្រហារមីស៊ីលលើទីក្រុង Beit Shemesh របស់អ៉ីស្រាអែល

01-03-2026 20:27

(តេអវីវ)៖ នាថ្ងៃអាទិត្យ សេវាកម្មសង្គ្រោះបន្ទាន់អ៉ីស្រាអែល បានបញ្ជាក់ថា មនុស្សចំនួន ៦នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់មីស៊ីល ទៅលើទីក្រុង ប៊ីត សេមេស (Beit Shemesh) ភាគកណ្តាលប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គួរបញ្ជាក់ថា មុនការវាយប្រហារលើទីក្រុងខាងលើនេះបន្តិច សំឡេងស៉ីរ៉ែនប្រកាសអាសន្ន និងសំឡេងផ្ទុះជាច្រើន បានបន្លឺឡើងយ៉ាងកក្រើកនៅទីក្រុងតេអវីវ (Tel Aviv) ស្របពេលដែលអ៉ីស្រាអែល និងអ៉ីរ៉ង់ កំពុងបាញ់ស្រោចមីស៊ីលសងសឹកគ្នាទៅវិញទៅមក។ អ្នកសារព័ត៌មាន AFP បានរាយការណ៍ថា គេបានឮសំឡេងផ្ទុះរាប់សិបដងនៅលើផ្ទៃមេឃទីក្រុងតេអវីវ ដែលកើតចេញពីប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល បាញ់ស្ទាក់គ្រាប់មីស៊ីលរបស់សត្រូវ៕