ផ្ទុះការបាញ់ប្រហារនៅបារមួយកន្លែងក្នុងរដ្ឋតិចសាស់ សម្លាប់មនុស្ស៣នាក់ និង១៤នាក់របួស
01-03-2026 21:21
(អូស្ទីន)៖ នាព្រឹកព្រលឹមថ្ងៃអាទិត្យ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំមួយ នៅឯបារមួយកន្លែងក្នុងទីក្រុងអូស្ទីន (Austin) រដ្ឋតិចសាស់។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន Reuters។
ប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើង ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ក្រោយមានការបាញ់តតាំងគ្នាជាមួយកងកម្លាំងសមត្ថកិច្ច។ ចំណែកឯជនរងគ្រោះទាំង១៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយក្នុងនោះមាន៣នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មកទល់ពេលនេះ អាជ្ញាធរមិនទាន់បានទម្លាយអត្តសញ្ញាណជនដៃដល់ ឬបញ្ជាក់ពីមូលហេតុនៅពីក្រោយការវាយប្រហារដ៏រន្ធត់នេះនៅឡើយទេ៕




