កូរ៉េខាងជើង ថ្កោលទោសការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ ជាទង្វើឈ្លានពានខុសច្បាប់ (Video inside)
02-03-2026 10:32
(សេអ៊ូល)៖ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាទង្វើឈ្លានពានខុសច្បាប់ និងរំលោភបំពានលើអធិបតេយ្យជាតិរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង តាមរយៈការដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានបរិហារដែរថាការវាយប្រហារលើអ៉ីរ៉ង់ជាលទ្ធផលមិនអាចចៀសបាន ដោយសារតែអនុត្តរភាព និងធម្មជាតិជាជនពាលរបស់សហរដ្ឋអាមេរិក។ តាមអ្នកនាំពាក្យរូបនេះ សង្រ្គាមឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាទង្វើមិនអាចទទួលយកបាន មិនថានៅក្រោមកាលៈទេសៈណានោះទេ។ ចំណែក ប្រទេសក្នុងតំបន់ទាំងអស់ និងបណ្ដាប្រទេសដទៃទៀតដែលមានផលប្រយោជន៍រួមគួរតែទទួលខុសត្រូវលើការស្ដារឡើងវិញនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា យោធាអ៉ីស្រាអែលបានឱ្យដឹងកាលពីថ្ងៃទី១ ខែមីនា ថាខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំចំកណ្ដាលបេះដូងនៃទីក្រុងតេហេរ៉ង់ បន្ទាប់ពីកងទ័ពអាកាស របស់ខ្លួនបានដឹកនាំការវាយប្រហាររួមគ្នាជាមួយសហរដ្ឋអាមេរិកដែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលកំពុងបង្កឱ្យមានការភ័យខ្លាចពីហានិភ័យអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕




