ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីរ៉ង់ ថាគ្មានការចរចាជាមួយអាមេរិកទេ ក្រោយការអះអាងរបស់លោក ត្រាំ (Video inside)

02-03-2026 12:53

(តេហេរ៉ង់)៖ លោក Ali Larijani ដែលជាប្រមុខឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសអ៉ីរ៉ង់ នាថ្ងៃចន្ទ ទី២ ខែមីនា បាននិយាយថា ទីក្រុងតេហេរ៉ង់ នឹងមិនចរចាជាមួយសហរដ្ឋអាមេរិកឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Larijani បានបង្ហោះសារដូចខាងលើ បដិសេធការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអះអាងថា ទីក្រុងតេហេរ៉ង់ បានព្យាយាមស្នើសុំចរចាជាមួយទីក្រុងវ៉ាស៉ីនតោន ក្រោយសង្រ្គាមបានផ្ទុះឡើង បន្ទាប់ពីអាមេរិកនិងអ៉ីស្រាអែល បានរួមគ្នាបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ លោក Larijani បានបន្ថែមទៀតថា ក្តីស្រមៃរវើរវាយរបស់លោក ត្រាំ បានរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូល ឱ្យធ្លាក់ចូលភាពចលាចល។

គួរបញ្ជាក់ថា នាថ្ងៃអាទិត្យ ទី១ ខែមីនា (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានប្រាប់ទស្សនាវដ្តីអាមេរិក Atlantic ថា ក្រុមថ្នាក់ដឹកនាំថ្មីរបស់អ៉ីរ៉ង់ បានបង្ហាញបំណងចង់ចរចាជាមួយរូបលោក ហើយលោកក៏បានយល់ព្រមផងដែរ។ ជម្លោះដ៏ក្តៅគគុកបានផ្ទុះឡើង បន្ទាប់ពីការចរចាប៉ុន្មានលើកស្តីពីបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហរ៉ង់ នៅតែមិនអាចសម្រេចបានកិច្ចព្រមព្រៀង៕