កូរ៉េខាងត្បូង ចង់ឱ្យមានការជជែកគ្នាឡើងវិញ ជាមួយកូរ៉េខាងជើង (Video inside)

02-03-2026 14:11

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នាថ្ងៃទី១ ខែមីនា បានអំពាវឱ្យមានការបើកកិច្ចពិភាក្សាជាមួយកូរ៉េខាងជើងឡើងវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន បានបដិសេធមធ្យោបាយការទូតជាមួយប្រទេសជិតខាងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនា ឆ្នាំមុន លោក Lee បានស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ហើយដែលទើបបានបញ្ជាក់ជាថ្មីពីវិធីសាស្រ្តរបស់ខ្លួន ដើម្បីប្រឆាំងកូរ៉េខាងត្បូង។​ លោក Lee និយាយថា «ដូចដែលរដ្ឋបាលរបស់ខ្ញុំបញ្ជាក់ម្តងហើយម្តងទៀត គឺយើងគោរពប្រព័ន្ធគ្រប់គ្រងរបស់កូរ៉េខាងជើង និងមិនចូលរួមក្នុងសកម្មភាពអរិភាពណាមួយឡើយ ហើយក៏មិនចង់បង្រួបបង្រួមដោយប្រើកម្លាំងបង្ខំ។ យើង​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បីសន្ទនា​ជាមួយ​កូរ៉េ​ខាងជើង​»។

គួរបញ្ជាក់ថា ថ្លែងក្នុងសមាជបក្សកាលពីសប្តាហ៍មុន មេដឹកនាំ លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងគ្មានអ្វីពាក់ព័ន្ធនឹងកូរ៉េខាងត្បូងឡើយ ហើយនឹងដកកូរ៉េខាងត្បូងពីឋានៈជនរួមជាតិជាអចិន្ត្រៃយ៍៕