អ្នកខ្លះផ្ទុះកំហឹង រីឯខ្លះទៀតអបអរសាទរ បន្ទាប់ពីការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែលលើអ៊ីរ៉ង់ ខណៈមនុស្ស២៣នាក់ស្លាប់ អំឡុងបាតុកម្មនៅប៉ាគីស្ថាន
02-03-2026 15:13
(Karachi)៖ បាតុកម្មប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក-អ៉ីស្រាអែលលើអ៊ីរ៉ង់ បានប្រែក្លាយជាអំពើហិង្សានៅប៉ាគីស្ថាន និងអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ខណៈជនជាតិអ៉ីរ៉ង់ ដែលនិរទេសខ្លួននៅតំបន់ផ្សេងៗនៃពិភពលោក បានចេញដើរតាមដងផ្លូវដើម្បីអបអរសាទរមរណភាពនៃមេដឹកនាំកំពូល លោក Ayatollah Ali Khamenei។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យ៉ាងហោចណាស់មនុស្សចំនួន ២៣នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នា។ ១០នាក់នៅឯទីក្រុងកំពង់ផែ Karachi ជាទីដែលឆ្មាំសន្តិសុខនៅស្ថានកុងស៊ុលអាមេរិក បានបាញ់ទៅលើក្រុមបាតុករដែលព្យាយាមទម្លុះជញ្ជាំងអគារ ១១នាក់នៅទីក្រុង Skardu ភាគខាងជើង ជាទីដែលហ្វូងមនុស្សបានដុតការិយាល័យអង្គការសហប្រជាជាតិ និង ២នាក់ទៀតនៅរដ្ឋធានីអ៉ីស្លាម៉ាបាដ។
នៅឯអ៉ីរ៉ាក់ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកបំភាំងស្មារតី ដើម្បីបំបែកក្រុមបាតុករគាំទ្រអ៉ីរ៉ង់រាប់រយនាក់ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅបរិវេណនៃតំបន់ការិយាល័យធ្វើការរបស់រដ្ឋាភិបាល ក្នុងរដ្ឋធានីបាកដាដ និងជាទីដែលមានស្ថានទូតអាមេរិក។ ប៉ុន្តែនៅទីក្រុងប៉ារីស ប្រទេសបារាំង មនុស្សរាប់ពាន់នាក់បានចេញមកអបអរសាទរ ដោយគ្រវីទង់ជាតិនៃរបបរាជាធិបតេយ្យមុនបដិវត្តន៍អ៊ីរ៉ង់ ហើយអ្នកខ្លះកាន់ផ្កាកុលាបក្រហម និងដបស្រាសំប៉ាញ។
គួរបញ្ជាក់ថា ប៉ាគីស្ថាន គឺជាប្រទេសជិតខាងប៉ែកខាងកើត រីឯអ៉ីរ៉ាក់ គឺជាប្រទេសជិតខាងប៉ែកខាងលិចរបស់អ៉ីរ៉ង់ ដែលមានប្រជាជនមូស្លីមនិកាយស៉ីអ៉ីតច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីអ៉ីរ៉ង់៕










