អង្គការអឌ្ឍចន្ទក្រហមអ៉ីរ៉ង់ អះអាងថា មនុស្ស៥៥៥នាក់ត្រូវបានសម្លាប់នៅប្រទេសអ៉ីរ៉ង់ ចាប់តាំងពីការបំផ្ទុះសង្រ្គាមដោយអាមេរិកនិងអ៉ីស្រាអែល (Video inside)

02-03-2026 15:48

(តេហេរ៉ង់)៖ នាថ្ងៃចន្ទ ទី២ ខែមីនា អង្គការអឌ្ឍចន្ទក្រហមនៃប្រទេសអ៉ីរ៉ង់ បានអះអាងថា មនុស្សសរុបចំនួន៥៥៥នាក់ហើយ ត្រូវបានសម្លាប់នៅទូទាំងសាធារណរដ្ឋអ៉ីស្លាមមួយនេះ ក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ដែលបានចាប់ផ្តើមកាលពី២ថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌​មាន AFP។

អង្គការមនុស្សធម៌ខាងលើ បានបង្ហោះសារតាមបណ្តាញ Telegram ថា «ក្រោយការវាយប្រហារភេរវកម្មរួមគ្នារបស់អាមេរិកនិងអ៉ីស្រាអែល ដែលត្រូវបានធ្វើឡើងនៅតាមតំបន់ជាច្រើន នៃប្រទេសរបស់យើង ទីក្រុងសរុបចំនួន១៣១ បានរងផលប៉ះពាល់ គិតមកទល់នឹងពេលនេះ ហើយគួរឱ្យសោកស្តាយ ជនរួមជាតិយើង៥៥៥នាក់ ត្រូវបានសម្លាប់»។

គួរបញ្ជាក់ថា ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា បានឆាបឆេះឡើងយ៉ាងក្តៅគគុក ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយក៏បានប៉ះពាល់ដល់ ក្រុមប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រផងដែរ ជាទីដែលអ៉ីរ៉ង់បានបាញ់ស្រោចមីស៉ីលនិងដ្រូនសងសឹកវិញ ព្រោះប្រទេសទាំងនោះ មានមូលដ្ឋានទ័ពរបស់អាមេរិក។ នៅឯប្រទេសអ៉ីស្រាអែល មនុស្សយ៉ាងហោច១០នាក់បានស្លាប់ ក្រោយការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ ខណៈនៅអេមីរ៉ាតអារ៉ាប់រួម ក៏មានអ្នកស្លាប់៣នាក់ ហើយយោធាអាមេរិក បានទទួលស្គាល់ថា ទាហានខ្លួន៣នាក់ បានស្លាប់នៅប្រទេសគុយវ៉ែត៕