កាណាដា ប្រកាសពង្រីកភាពជាដៃគូដ៏មានតម្លៃ ជាមួយឥណ្ឌា

02-03-2026 16:38

(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានប្រកាសពីការពង្រីកទំនាក់ទំនងជាមួយឥណ្ឌា រួមទាំងកិច្ចព្រមព្រៀងធំមួយលើការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូម បន្ទាប់ពីជួបនាយករដ្ឋមន្រ្តី លោក Narendra Modi នៅក្នុងទីក្រុង Delhi។ នេះបើយោងតាមការចេញដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ ២០២៦។

លោក Carney គូសបញ្ជាក់ថា «មានការចូលរួមកាន់តែច្រើនរវាងរដ្ឋាភិបាលកាណាដា និងឥណ្ឌា ក្នុងឆ្នាំចុងក្រោយនេះ ជាងការចូលរួមក្នុងរយៈពេលជាងពីរទសវត្សរ៍មុន»។ លោកបន្ថែមថា «នេះមិនមែនគ្រាន់តែជាការបន្តទំនាក់ទំនងទេ តែគឺជាការពង្រីកភាពជាដៃគូដ៏មានតម្លៃ ជាមួយនិងមហិច្ឆតា ការផ្តោតអារម្មណ៍ និងការទាយទុកជាមុន ថាភាពជាដៃគូរនៃប្រទេសទាំងពីរ នឹងកំណត់ទិសដៅសម្រាប់អនាគត»

គួរបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កាណាដា បានធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២៣ បន្ទាប់ពីរដ្ឋាភិបាលមុន បានចោទប្រកាន់ឥណ្ឌាថាជាប់ពាក់ព័ន្ធ នឹងការសម្លាប់មេដឹកនាំសាសនាម្នាក់។ លោក Carney បានទទួលស្គាល់ពីភាពខុសគ្នាខាងនយោបាយកន្លងមក ប៉ុន្តែបាននិយាយថា កាណាដានៅតែមានបំណងធ្វើជាដៃគូគួរឱ្យជឿទុកចិត្តខាងសេដ្ឋកិច្ច សម្រាប់ឥណ្ឌា៕