ស្ថានទូតរុស្ស៊ី៖ ជនជាតិរុស្ស៊ីនៅអ៉ីរ៉ង់ អាចចាកចេញតាមព្រំដែនប្រទេសតួកមេនីស្ថានជាបន្ទាន់
02-03-2026 20:40
(តេហេរ៉ង់)៖ ស្ថានទូតរុស្ស៊ីប្រចាំតួកមេនីស្ថាន បានប្រកាសនាថ្ងៃចន្ទថា ជនជាតិរុស្ស៊ីដែលកំពុងជាប់គាំងនៅប្រទេសអ៉ីរ៉ង់ អាចចាកចេញតាមច្រកព្រំដែនតួកមេនីស្ថាន ដែលមានប្រវែង ១,១៤៨គីឡូម៉ែត្រ ជាប់ភាគឦសានអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីប្រកាសនៅលើ Telegram បានបញ្ជាក់ថា ពលរដ្ឋរុស្ស៊ីដែលមានបំណងចាកចេញ ត្រូវចុះឈ្មោះជាមុនជាមួយស្ថានទូតរុស្ស៊ីនៅតេហេរ៉ង់ ទើបទទួលបានការអនុញ្ញាតពិសេស ដ្បិតតួកមេនីស្ថានមានច្បាប់ទិដ្ឋាការតឹងរ៉ឹងបំផុតមួយក្នុងលោក។ កាលពីឆ្នាំមុន ក្នុងអំឡុងសង្គ្រាមអ៉ីរ៉ង់-អ៉ីស្រាអែល ប្រទេសអាស៊ីកណ្តាលមួយនេះក៏ធ្លាប់បានសម្រួលការជម្លៀសជនបរទេសចេញពីអ៉ីរ៉ង់ផងដែរ។ ក្រៅពីនេះ ជនបរទេសនិងរុស្ស៊ីមួយចំនួន ក៏កំពុងចាកចេញតាមច្រកព្រំដែនតួកគី អាមេនី និងអាស៊ែបៃហ្សង់ដូចគ្នា។
គួរបញ្ជាក់ថា ក្នុងថ្ងៃចន្ទដដែល តួកមេនីស្ថានដែលប្រកាន់នយោបាយអព្យាក្រឹត្យយ៉ាងតឹងរ៉ឹង បានសម្តែងការសោកស្តាយចំពោះការផ្ទុះជម្លោះនៅមជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យមានដំណោះស្រាយការទូតជាបន្ទាន់៕




