លោក ត្រាំ «ខកចិត្តយ៉ាងខ្លាំង» ចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស ដែលរារាំងមិនឱ្យប្រើមូលដ្ឋានទ័ពវាយប្រហារអ៉ីរ៉ង់ នៅគ្រាដំបូង

02-03-2026 20:53

(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់កាសែត Daily Telegraph ថា លោកមានការ «ខកចិត្តយ៉ាងខ្លាំង» ចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលបានបដិសេធ នៅគ្រាដំបូង មិនឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Diego Garcia ដើម្បីវាយប្រហារលើប្រទេសអ៉ីរ៉ង់។

លោក ត្រាំ បានរិះគន់ថា វាប្រើពេល «យូរពេកហើយ» ទម្រាំលោក ស្តាមើ (Starmer) ផ្លាស់ប្តូរចិត្តមកយល់ព្រមឱ្យប្រើប្រាស់មូលដ្ឋាននេះវិញ កាលពីល្ងាចថ្ងៃអាទិត្យ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា «រឿងបែបនេះមិនធ្លាប់កើតមានទេរវាងប្រទេសទាំងពីរ... គាត់ (ស្តាមើ) គួរតែអនុញ្ញាត តាំងពីដំបូងដៃមកម្ល៉េះ ព្រោះអ៉ីរ៉ង់ទទួលខុសត្រូវចំពោះការស្លាប់របស់ពលរដ្ឋអង់គ្លេសជាច្រើននាក់»

គួរបញ្ជាក់ថា អង់គ្លេសមិនបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៉ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់នោះទេ។ ភាពតានតឹងបានកើនឡើង រហូតដល់មានដ្រូនផលិតដោយអ៉ីរ៉ង់ វាយប្រហារមូលដ្ឋានទ័ពអាកាសអង់គ្លេស RAF Akrotiri នៅស៊ីប (Cyprus) កាលពីថ្ងៃអាទិត្យ បណ្តាលឱ្យខូចខាតបន្តិចបន្តួច៕