ទីភ្នាក់ងារនុយក្លេអ៊ែរ UN កោះប្រជុំជាបន្ទាន់ ជុំវិញបញ្ហាអ៉ីរ៉ង់ (Video inside)
02-03-2026 22:38
(វីយែន)៖ គណៈប្រតិភូនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំវិសាមញ្ញមួយ នាថ្ងៃចន្ទនេះ ដើម្បីពិភាក្សាជាបន្ទាន់អំពីបញ្ហាប្រទេសអ៉ីរ៉ង់ បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ទៅលើសាធារណរដ្ឋអ៉ីស្លាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិ។
កិច្ចប្រជុំនេះ ត្រូវបានស្នើសុំដោយរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីមានសំណើដូចគ្នានេះពីសំណាក់អ៉ីរ៉ង់ផងដែរ។ កិច្ចប្រជុំវិសាមញ្ញនេះ ធ្វើឡើងមុនកិច្ចប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាភិបាល IAEA ដែលមានសមាជិកតំណាងមកពី ៣៥ប្រទេសជុំវិញពិភពលោក។
គួរបញ្ជាក់ថា ភ្លាមៗក្រោយការវាយប្រហារ ស្ថាប័នឃ្លាំមើលកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់របស់ UN មួយនេះ បានប្រកាសយ៉ាងដូច្នេះថា «យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត លើការវិវត្តន៍ស្ថានការណ៍នៅមជ្ឈិមបូព៌ា ហើយយើងជំរុញឱ្យភាគីទាំងអស់រក្សាការអត់ធ្មត់ ដើម្បីចៀសវាងហានិភ័យនៃសុវត្ថិភាពនុយក្លេអ៊ែរ ដល់ប្រជាជននៅក្នុងតំបន់»៕




