ស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដ រងការវាយប្រហារដោយដ្រូន (Video inside)

03-03-2026 08:27

(Reuters)៖ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X នៅថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដបានរងការវាយប្រហារដោយដ្រូន ២គ្រឿងដែលបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះ និងការខូចខាតសម្ភារៈមួយចំនួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារដោយដ្រូនខាងលើកើតមានឡើងចំពេលអ៉ីរ៉ង់កំពុងបើកការវាយប្រហារសងសឹកដោយបាញ់មីស៊ីល និងដ្រូនលើបណ្ដាប្រទេសអារ៉ាប់ដែលមានមូលដ្ឋានទ័ពអាមេរិកឈរជើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ប្រភពចំនួន៣ បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាស្នូរផ្ទុះដ៏ខ្លាំងមួយបានកើតឡើង និងមានផ្សែងហុយចេញពីស្ថានទូតអាមេរិកក្នុងទីក្រុងរីយ៉ាដ នៅព្រឹកថ្ងៃអង្គារនេះ។ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នៅឡើយទេ៕