ប្រមុខការទូតអាមេរិក ថាផែនការវាយប្រហាររបស់អ៉ីស្រាអែល ជំរុញឱ្យសហរដ្ឋអាមេរិកវាយអ៉ីរ៉ង់ (Video inside)

03-03-2026 09:47

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៉ីរ៉ង់ នៅបន្ទាប់ពីទទួលបានព័ត៌មានថា សម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៉ីស្រាអែលនឹងបើកការវាយប្រហារតែប៉ុណ្ណោះ ហើយបារម្ភខ្លាចថាតេហេរ៉ង់នឹងសងសឹកលើកងទ័ពអាមេរិកក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក Rubio បានឱ្យដឹងថាអ៉ីរ៉ង់បានប្រាប់ឱ្យក្រុមឧត្តមសេនីយ៍របស់ខ្លួនត្រូវធ្វើការឆ្លើយតបដោយស្វ័យប្រវត្តិប្រឆាំងនឹងកងកម្លាំងអាមេរិក ក្នុងករណីរងការវាយប្រហារ។ «យើងបានដឹងថាអ៉ីស្រាអែលនឹងធ្វើសកម្មភាព។ យើងបានដឹងទៀតថាវានឹងមានការវាយប្រហារសងសឹកលើកងកម្លាំងអាមេរិក ហើយក៏ បានដឹងដែរថាប្រសិនបើយើងមិនវាយប្រហារបង្ការទុកមុនទេ នោះពួកគេនឹងបើកការវាយប្រហារទាំងនោះដែលនឹងធ្វើឱ្យកងកម្លាំងរបស់យើងស្លាប់ ឬរងរបួសច្រើន»។ នេះជាការគូសបញ្ជាក់របស់លោក Rubio។

នៅមុននោះបន្តិច រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក៏បាននិយាយដែរថាគឺអ៉ីស្រាអែលដែលជាអ្នកដឹកនាំការវាយប្រហារកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងទីក្រុងតេហេរ៉ង់ដែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ជាច្រើននាក់៕