នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ថាសង្រ្គាមជាមួយអ៉ីរ៉ង់អាចត្រូវចាយពេល ប៉ុន្តែមិនដល់រាប់ឆ្នាំទេ (Video inside)

03-03-2026 14:35

(ហ៊្សេរុយសាឡិម)៖ នាថ្ងៃចន្ទ ទី២ ខែកុម្ភៈ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សង្រ្គាមរបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែលប្រឆាំងប្រទេសអ៉ីរ៉ង់ អាចនឹងត្រូវចាយពេល ប៉ុន្តែនឹងមិនដល់រាប់ឆ្នាំនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សង្រ្គាមផ្លូវអាកាសរបស់អាមេរិកនិងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានចាប់ផ្តើមតាមរយៈការវាយប្រហារប្រឆាំងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៉ីរ៉ង់ លោក Ali Khamenei ហើយនាំឱ្យមាន​ការវាយប្រហារសងសឹកវិញពីអ៉ីរ៉ង់ ប្រឆាំងអ៉ីស្រាអែល រួមជាមួយបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានយោធាអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

លោក Netanyahu បានច្រានចោលការយល់ឃើញដែលថា ជម្លោះថ្មីនេះអាចនឹងអូសបន្លាយច្រើនឆ្នាំ ដូចជាសង្រ្គាមមុនៗ នៅក្នុងតំបន់។ ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មាន Fox News លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា «វាអាចនឹងត្រូវចាយពេល ប៉ុន្តែនឹងមិនដល់រាប់ឆ្នាំឡើយ។ វាមិនមែនជាសង្រ្គាមគ្មានទីបញ្ចប់នោះទេ»។ លោក Netanyahu បានបន្តថា រូបលោកមើលឃើញសង្រ្គាមនេះ គឺជាឱកាសមួយសម្រាប់សន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា រួមមានទាំងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីដំបូងបានព្យាករថា សង្រ្គាមនេះអាចនឹងមានរយៈពេលចន្លោះពី៤ ទៅ៥សប្តាហ៍ ប៉ុន្តែក្រោយមកបានបន្ថែមថា វាអាចនឹងបន្តយូរជាងនេះប្រសិនបើចាំបាច់ ហើយលោកមិនបានច្រានចោលលទ្ធភាព ​នៃការបញ្ជូនកងទ័ពចូលទៅប្រទេសអ៉ីរ៉ង់តែម្តងឡើយ។ សង្រ្គាមកន្លងមករបស់អាមេរិក នៅប្រទេសអ៉ីរ៉ាក់និងអាហ្វហ្កានីស្ថាន បានអូសបន្លាយពេលជាច្រើនឆ្នាំ ជាហេតុនាំឱ្យប្រជាជនអាមេរិកភាគច្រើន លែងសូវគាំទ្រឱ្យទីក្រុងវ៉ាស៉ីនតោនចូលពាក់ព័ន្ធផ្ទាល់ ក្នុងសង្រ្គាមនៅលើទឹកដីបរទេសតទៅទៀត៕