តៃវ៉ាន់សង្ឃឹមថា ប្រជាជនអ៉ីរ៉ង់ទទួលបានសេរីភាព និងប្រជាធិបតេយ្យក្នុងពេលឆាប់ៗ ក្រោយអាមេរិកនិងអ៉ីស្រាអែលបំផ្ទុះសង្រ្គាម (Video inside)
03-03-2026 15:01
(តៃប៉ិ)៖ ក្នុងការអត្ថាធិប្បាយបង្ហាញពីជំហរគាំទ្រសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ក្រសួងការបរទេសតៃវ៉ាន់ នាថ្ងៃអង្គារ ទី៣ ខែមីនា បាននិយាយថា ដែនកោះនេះ គាំទ្រកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីជួយប្រជាជនអ៉ីរ៉ង់ស្វែងរកសេរីភាព និងប្រជាធិបតេយ្យ ហើយសង្ឃឹមថា ពួកគេនឹងទទួលបានរបស់ទាំងនេះក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នៅពេលត្រូវបានសាកសួរថា តើរដ្ឋាភិបាលតៃវ៉ាន់គាំទ្រការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែល ប្រឆាំងប្រទេសអ៉ីរ៉ង់ដែរឬអត់ អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លោក Hsiao Kuang-wei បាននិយាយថា តៃវ៉ាន់គឺជាសមាជិកនៃសហគមន៍ប្រជាធិបតេយ្យអន្តរជាតិ ហើយអ្នកនាំពាក្យ បានលើកឡើងយ៉ាងដូច្នេះថា «យើងគាំទ្រកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការជួយប្រជាជនអ៉ីរ៉ង់ស្វែងរកសេរីភាពនិងប្រជាធិបតេយ្យ ហើយយើងសង្ឃឹមថា ប្រជាជនអ៉ីរ៉ង់នឹងទទួលបានសេរីភាព ប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិមនុស្ស ក្នុងពេលឆាប់ៗ»។
គួរបញ្ជាក់ថា តៃវ៉ាន់មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៉ីស្រាអែល ឬសហរដ្ឋអាមេរិកឡើយ ប៉ុន្តែទីក្រុងវ៉ាស៉ីនតោន បានដើរតួនាទីជាខ្នងបង្អែកអន្តរជាតិដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតយូរមកហើយ សម្រាប់ដែនកោះនេះ។ តៃវ៉ាន់ក៏មិនមានទំនាក់ទំនងផ្លូវការជាមួយអ៉ីរ៉ង់ដែរ ចាប់តាំងពីទីក្រុងតេហេរ៉ង់ បានទទួលស្គាល់ចិន កាលពីឆ្នាំ១៩៧១។
តៃវ៉ាន់មើលឃើញអ៉ីស្រាអែល ជាដៃគូសំខាន់មួយរបស់ខ្លួន ហើយបានចូលរួមបង្ហាញការគាំទ្រយ៉ាងរឹងមាំដល់អ៉ីស្រាអែល ក្រោយការវាយប្រហារខែតុលា ឆ្នាំ២០២៣ របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស និងសង្រ្គាមដែលបានផ្ទុះឡើងបន្ទាប់ពីនោះ នៅតំបន់ហ្កាហ្សា៕








