អ៉ីរ៉ង់ថាមនុស្សស្លាប់កើនដល់៧៨៧នាក់ ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយអាមេរិកនិងអ៉ីស្រាអែល

03-03-2026 16:51

(តេហេរ៉ង់)៖ អង្គការអឌ្ឍចន្ទក្រហមនៃប្រទេសអ៉ីរ៉ង់ នាថ្ងៃអង្គារ ទី៣ ខែមីនា បានឱ្យដឹងថា មនុស្សកើនលើស៧៨០នាក់ហើយ ត្រូវបានសម្លាប់នៅទូទាំងសាធារណរដ្ឋអ៉ីស្លាមមួយនេះ ចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសរបស់ពួកគេប្រឆាំងអ៉ីរ៉ង់ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អឌ្ឍចន្ទក្រហមអ៉ីរ៉ង់ បានប្រកាសពីតួលេខនេះ នៅលើវែបសាយរបស់ខ្លួន។ ប្រភពដដែល បានអះអាងថា គិតចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ការវាយប្រហារតាមផ្លូវអាកាស របស់អាមេរិកនិងអ៉ីស្រាអែល បានកើតមាននៅទីក្រុងចំនួន១៥៣ និងទីតាំងច្រើនជាង៥០០កន្លែងទូទាំងប្រទេសអ៉ីរ៉ង់ ក្នុងការវាយប្រហារសរុបជាង១០០០លើក។

ដោយឡែក បើតាម AFP នាថ្ងៃអង្គារនេះ ស្នូរផ្ទុះលាន់លឺយ៉ាងខ្លាំង បានកើតឡើងនៅទីក្រុងតេហេរ៉ង់ ស្របពេលដែល​ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍ពីហេតុការណ៍ផ្ទុះ នៅតំបន់ Karaj ភាគខាងលិចរដ្ឋធានី និងនៅទីក្រុង Isfahan ភាគកណ្តាល។ ឆ្លើយតបការវាយប្រហារមកលើប្រទេសរបស់ខ្លួន អ៉ីរ៉ង់បាននិងកំពុងវាយបកសងសឹកវិញ ដោយបាញ់មីស៉ីលនិងដ្រូន​លើអ៉ីស្រាអែល ព្រមទាំងបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានទ័ពអាមេរិក៕